ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគីអំពាវនាវឲ្យមានការតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួន១លាននាក់នៅតំបន់ភាគខាងជើងស៊ីរី

image

កាលពីថ្ងៃអង្គារ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ (Tayyip Erdogan) បានអំពាវនាវឲ្យមានការតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួនស៊ីរី១លាននាក់នៅក្នុងតំបន់សន្តិភាពស្ថិតនៅភាគខាងជើងប្រទេសស៊ីរីដោយឈរលើមូលដ្ឋានស្ម័គ្រចិត្ត។

លោក អឺដូហ្គាន់ (Erdogan) បានថ្លែងក្នុងវេទិកាអន្តរជាតិស្តីពីជនភៀសខ្លួននៅទីក្រុងហ្សឺណែវដោយរិះគន់សហភាពអឺរ៉ុបដែលមិនបានផ្តល់មូលនិធិគ្រប់ចំនួនដូចដែលបានសន្យានិងបណ្តាប្រទេសមហាអំណាចដែលបានវិនិយោគកាន់តែច្រើនដើម្បីការពារតំបន់ប្រេងនៅស៊ីរីជាជាងការពារកុមារ។

លោក អឺដូហ្គាន់ (Erdogan) បាននិយាយថាយើងត្រូវរកផែនការមួយដើម្បីឲ្យជនភៀសខ្លួនស៊ីរីអាចបន្តតាំងទីលំនៅក្នុងប្រទេសកំណើតរបស់ពួកគេ ហើយអ្នកដែលបានធ្វើដំណើរទៅប្រទេសតួកគីអាចវិលត្រឡប់ទៅរស់នៅស៊ីរីវិញដោយសន្តិភាព។

លោក អឺដូហ្គាន់ (Erdogan) បានបន្តថា ប្រទេសរបស់លោកដែលបានទទួលជនភៀសខ្លួនស៊ីរីចំនួន៣លាន៧សែននាក់នោះបានចំណាយប្រាក់អស់៤ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) បាននិយាយផងដែរថាពលរដ្ឋមូស្លីមរាប់លាននាក់អាចនឹងភៀសខ្លួនពីប្រទេសឥណ្ឌាដោយសារបំរាមគោចរនៅតំបន់កាស្មៀនិងច្បាប់សញ្ជាតិថ្មីរបស់ឥណ្ឌាដោយបង្កើតជាវិបត្តិជនភៀសខ្លួនមួយផ្សេងទៀត៕

ព័ត៌មានទាក់ទង...