សាលាខេត្តព្រះសីហនុរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្ត ផ្នែកគយនិងផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចនិងមធ្យម
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជា អធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្ត ផ្នែកគយនិងផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចនិងមធ្យមដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត, តំណាងអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ សាខាគយនិងរដ្ឋាករ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរឧស្សាហកម្មនិងសិប្បកម្ម មន្ទីរពាណិជ្ជកម្ម សភាពាណិជ្ជកម្ម សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារ “អ.ម.ត” និងម្ចាស់សហគ្រាសធុនតូចនិងមធ្យម ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ សរុបអ្នកចូលរួមប្រមាណ ៧០០នាក់នាព្រឹកថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៩ នៅសណ្ឋាគារសុខា។

 ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម ដែលបានរៀបចំសិក្ខាសាលានេះ ជាគុណប្រយោជន៍ដល់សហគ្រាសធុនតូចនិងមធ្យម ក្នុងខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជាដ៏សំខាន់ ព្រមទាំង មានសក្តានុពល និង អំណោយផលល្អទាំងទីតាំង ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស កំពង់ផែអន្តរជាតិដ៏ធំនិង មមាញឹក និង ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៩ សហគ្រាសធុនតូចនិងមធ្យមក្នុងខេត្តព្រះសីហនុ មានចំនួន ៣,១១០ មូលដ្ឋាន និងប្រើប្រាស់កម្លាំងពលកម្មជាច្រើននាក់។ 

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្ដម គុណ ញឹម បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្តដែលបានសហការរៀបចំ សិក្ខាសាលានាថ្ងៃនេះឡើង។ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយ ក្នុងការជំរុញ កំណើននិងបង្កើតការងារ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីគាំទ្រវិស័យ សហគ្រាសធុនតូចនិង មធ្យម ដូចមានចែងក្នុងឯកសារគោលនយោបាយ និង ឯកសារយុទ្ធសាស្រ្ត រួមមាន៖ 

១.គោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ 

២.យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ 

៣.យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣។ 

ឯកឧត្ដម គុណ ញឹម បន្តថាកន្លងមករាជរដ្ឋាភិបាល ធ្លាប់បានដាក់ចេញ នូវវិធានការជាបន្តបន្ទាប់ ក្នុងការគាំទ្រដល់វិស័យកសិកម្ម និងសហគ្រាសធុនតូចនិង មធ្យម រួមមានការបញ្ចុះអត្រាពន្ធគយ, អត្រាអាករពិសេស, ការដាក់អាករលើតម្លៃបន្ថែម ជាបន្ទុករដ្ឋ និងការដាក់អាករនាំចេញ ជាបន្ទុករដ្ឋ លើមុខទំនិញជាជីកសិកម្ម ពូជដំណាំ ពូជសត្វ បសុឱសថ ចំណីសត្វ សម្ភារៈគ្រឿងចក្រកសិកម្ម និងវត្ថុធាតុដើមផលិតកម្មបម្រើ ក្នុងវិស័យទាំងនេះ។ ដើម្បីជំរុញការ ធ្វើពិធីកម្មសេដ្ឋកិច្ច និងដើម្បីលើកស្ទួយបន្ថែមទៀត ដល់សហគ្រាសធុនតូចនិង មធ្យម ថ្មីៗនេះ រាជរដ្ឋាភិបាលបានផ្តល់ ការលើកទឹកចិត្ត ផ្នែកគយនិងផ្នែកពន្ធដារ តាមរយៈអនុក្រឹត្យ លេខ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ និង អនុក្រឹត្យ លេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដែលផ្តោតលើ វិស័យអាទិភាពចំនួន ៨ រួមមាន៖ 

១).សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត ,

២).ផលិតកម្មកសិកម្ម ឬកសិឧស្សាហកម្ម,

៣).ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ,

៤).កម្មន្តសាលផលិតទំនិញបម្រើឱ្យការនាំចេញ,

៥).កម្មន្តសាលផលិត ទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យ ទេសចរណ៍,

៦).កម្មន្តសាលផលិត នូវផលិតផលសម្រេច ឬផលិតផលពាក់កណ្តាល សម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត,

៧).ការស្រាវជ្រាវ និង អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈ នវានុវត្តន៍ ,

៨).អ្នកអភិវឌ្ឍន៍ តំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម។

  1.  ឯកឧត្ដមបណ្ឌិត គុណ ញឹម ក៏បានបញ្ជាក់បន្ថែម ថា ក្រោមការណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការអនុវត្តន៍ លើកទឹកចិត្ត ផ្នែកគយនិងផ្នែកពន្ធដារសម្រាប់ សហគ្រាសធុនតូចនិងមធ្យម ត្រូវមានយន្តការ តាមដានវឌ្ឍនភាព នៃការអនុវត្តន៍ព្រមទាំងត្រូវស្វែងយល់បន្ថែមអំពីសំណូមពរ និងបញ្ហាប្រឈមរបស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តន៍ដល់ការលើកទឹកចិត្តនេះ៕ដោយ៖ ប៉ៃ សុឃីម
Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation