ព័ត៌មានជាតិ

អភិបាលរងខេត្តបាត់ដំបង៖ ការអភិវឌ្ឍធនធានមនុស្ស ជាកត្តាចាំបាច់មួយ ដែលធ្វើឲ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សម្រេចដល់គោលដៅ ឆ្នាំ២០៣០ និងឆ្នាំ២០៥០

image


បាត់ដំបង៖ អភិបាលរងខេត្តបាត់ដំបង លោក ធូរ ភា បានថ្លែងបញ្ជាក់ថា ធនធានមនុស្សទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រគឺជាកត្តាចាំបាច់មួយ ដែលធ្វើឲ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានសម្រេចដល់គោលដៅនៅ ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលកម្រិតខ្ពស់ ឬជាប្រទេសអភិវឌ្ឍដូចអារ្យប្រទេសនានា នៅលើសកលលោក ។


ការថ្លែងនេះនៅក្នុងពិធីអបអរសាទរជ័យលាភីសមណសិស្សពូកែផ្នែកភាសាបាលីសំស្រ្កឹត កម្រិតទុតិយភូមិ ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស និងប្រគេនជូនប័ណ្ណសរសើរ និងរង្វាន់ចំពោះសមណសិស្ស សិស្សជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ប្រចាំឆមាសទី១ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នៃពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ខេត្តបាត់ដំបង បានធ្វើឡើងនៅល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅបរិវេណវត្តពោធិវាល សង្កាត់រតនៈ ក្រុង និងខេត្តបាត់ដំបង ។


ក្រោមព្រះវត្តមាននិមន្តចូលរួមពីសម្តេចព្រះមហាអរិយវង្សបណ្ឌិតយ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសកលវិទ្យាល័យ ព្រះសីហនុរាជ និងជាព្រះអនុប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីសង្ឃ និងផ្នែកពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបង ជាច្រើនទៀត ។


លោក ធូរ ភា បានចាត់ទុកថា ការបណ្តុះបណ្តាលនៅតាមពុទ្ធិកសិក្សាគ្រប់កម្រិត គឺជាការបំពេញឲ្យភាពគ្រប់ជ្រុងជ្រោយនៃការអប់រំ និងការកសាងធនធានមនុស្ស ក៏ដូចជាធនធានព្រះសង្ឃរបស់យើងទាំងបរិមាណ និងគុណភាព ។
លោក អភិបាលរងខេត្តបាត់ដំបង បានស្នើសុំដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត បង្កើនការគាំទ្រទៅដល់ពុទ្ធិកសិក្សាគ្រប់កម្រិតហើយដោះស្រាយឲ្យបាននូវរាល់បញ្ហាប្រឈម សំណូមពររបស់ពុទ្ធិកសិក្សា ក្នុងនោះគណៈគ្រប់គ្រងសាលាពុទ្ធិកគ្រប់កម្រិតត្រូវបង្កើនការអនុវត្តន៍នូវបទបញ្ជាផ្ទៃក្នុងកម្មវិធីសិក្សា ការបណ្តុះបណ្តាលឲ្យបានសមស្រប និងធ្វើបច្ចុប្បន្នភាពនៃការបណ្តុះបណ្តាល
ហើយមន្ទីរអប់រំយុវជននិងកីឡាខេត្ត បន្តការគាំទ្រធ្វើបច្ចុប្បន្នភាពដល់លោកគ្រូ អ្នកគ្រូ ដែលបង្រៀនដល់ពុទ្ធិកនៅតាមពុទ្ធិកសិក្សាគ្រប់កម្រិត ក្នុងនោះព្រះមន្ត្រីសង្ឃតាមបណ្តាក្រុង ស្រុក ក៏ដូចជាព្រះគ្រូចៅអធិការ តាមបណ្តាវត្ត ជួយផ្តល់ឱកាស បង្កឱកាស និងផ្តល់លទ្ធភាពសម្រាប់សមណសិស្ស ដែលបានបួសរៀនសិក្សា ហើយកត្តាសំខាន់គឺសមណសិស្សសូមដាក់ការសិក្សាជាកាតព្វកិច្ច ដើម្បីជាធនធានសង្ឃផង ដើម្បីអនាគតរបស់ព្រះអង្គផង ហើយប្រើប្រាស់ពេលវេលាក្រៅពីម៉ោងសិក្សាទៅជាការកម្សាន្តបែបវិជ្ជមាន ដូចជាការតែងនិពន្ធ ការអានសៀវភៅ ការទស្សនាបែបធម្មជាតិ ឬក៏ការរៀនធម្មវិន័យជាដើម ។


សម្តេចព្រះមហាអរិយវង្សបណ្ឌិតយ៉ន សេងយៀត មានសង្ឃដីការ ថា ការសិក្សាត្រូវការទាមទារនូវពេលវេលាយូរណាស់ទើបបានផល រៀនបន្តិចបន្ទួច មិនបានផលទេ ដូច្នេះត្រូវគ្រប់គ្រងចិត្តរបស់អង្គឯងឱ្យបាន ព្រោះវ័យរបស់សមណសិស្សទាំងអស់ កំពុងតែមានភាពក្លៀវក្លាខ្លាំង ត្រូវរក្សាចិត្តឱ្យស្ងប់ ដើម្បីធ្វើការសិក្សាឱ្យបានជោគជ័យ ធ្វើឱ្យចិត្តមានតុល្យភាព ក្នុងជីវភាពរស់នៅបានល្អ ដើម្បីទទួលបាននូវផលប្រយោជន៍មកវិញ នោះគឺចំណេះដឹង ទាំងធនធានពុទ្ធចក្រ និងអាណាចក្រ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើនជឿនលឿននាពេលអនាគត ។


សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត បានមានសង្ឃដីកាកោតសរសើរចំពោះព្រះតេជគុណ សំ វ៉ាន់ណេត ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ផ្នែកភាសាបាលី សំស្រ្កឹត កម្រិតទុតិយភូមិ ក៏ដូចជាសមណសិស្សជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ប្រចាំឆមាសទី១ ឆ្នាំសិក្សា២០២៤-២០២៥ ហើយសង្ឃឹមថា ឆ្នាំក្រោយនឹងមានសមណសិស្សទទួលបានចំណាត់ថ្នាក់លេខ១ទៀត ដែលជាកិត្តិយសសម្រាប់គុណម្ចាស់ផ្ទាល់ខ្លួនផង ជាកិត្តិយសសម្រាប់ខេត្តផង និងជាកិត្តិយសសម្រាប់ប្រទេសទាំងមូលផង ហើយអនាគតនឹងក្លាយទៅជាបញ្ញាជនឯកទេសខាងភាសាបាលី សំស្រ្កឹត ជួយសាសនាយើងជួយអក្សរសាស្រ្តយើង ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ។


សូមបញ្ជាក់ថា សមណសិស្ស ដែលទទួលបានជ័យលាភី សរុបចំនួន៤១អង្គ ក្នុងនោះសមណសិស្សទទួលបានជ័យលាភី សិស្សពូកែផ្នែកភាសាបាលី សំស្រ្កឹត ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស គឺព្រះតេជគុណ សំ វ៉ាន់ណេត និងជ័យលាភីផ្នែកសូត្របាតិមោក្ខចំណាត់ថ្នាក់៥ ទូទាំងប្រទេស គឺព្រះតេជគុណ រ៉េន រដ្ឋា ៕
ដោយ៖ ឡាច សុគន្ធាវី