អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈលើកឡើងថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម
| ព័ត៌មានជាតិ
SHARE

អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានគូសបញ្ជាក់ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ដែលធ្វើឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅតែខិតខំរិះរកមធ្យោបាយបន្ថែមដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត ពិសេសការងារគ្រប់គ្រងទិន្នន័យក៏ជាកត្តាសំខាន់ផងដែរ។

នេះតាមការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ និងសង្រ្គោះបឋមដល់មន្ត្រីនគរបាលចរាចរណ៍ ប្រមាណ១០០នាក់ មកពី២៥រាជធានី-ខេត្ត នៅព្រឹកថ្ងៃទី២៤ ធ្នូនេះនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ទី ឡុង បញ្ជាក់ទៀតថា នគរបាលចរាចរណ៍ទាំងអស់មិនត្រឹមតែចេះជំនាញគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ចរាចរណ៍នោះទេ ក៏ត្រូវតែជំនាញសង្រ្គោះបឋមផងដែរ ដើម្បីជួយសង្រ្គោះជនរងគ្រោះទំរាំរថយន្តសង្រ្គោះមកដល់។ឧត្តមសេនីយ៍ទោ ទី ឡុង បន្ថែមថា ចំពោះកម្មវិធីគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ចរាចរណ៍នេះ នៅប្រទេសជិតខាងយើងមួយចំនួនក៏បានលើកសរសើរថាជាកម្មវិធីល្អមួយ អ៊ីចឹងហើយសូមឲ្យសិក្ខាកាមទាំងអស់ខិតខំយកចិត្តដាក់ក្រេបយកចំណេះដឹងទាំងនេះ ទៅអនុវត្តការងារជំនាញឲ្យបានកាន់ល្អប្រសើរថែមទៀត។

មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ អនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ បានលើកឡើងថាក្នុងការកសាងកម្មវិធីគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ជាលទ្ធផល និងពិសោធន៍រយៈពេលជាង ១ឆ្នាំកន្លងទៅ យើងទទួលបានការអនុញ្ញាតដាក់ឲ្យប្រើប្រាស់កម្មវិធីនេះក្នុងដំណាក់កាលទី១ (Version 1) ប៉ុន្តែថ្ងៃនេះយើងបានបង្កើតវានុវត្តន៍ភាពថ្មី ដោយក្រុមការងារជំនាញបានអភិវឌ្ឍកម្មវិធីនេះពី Version 1 មក Version 2 ដែលមានព័ត៌មានសម្បូរបែបជាងមុន ទំនើបជាងមុន ដំណើរការលឿនជាងមុន ហើយអនាគតជំនាញនគរបាលចរាចរណ៍ នឹងឈានដល់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា (Digital Information) វ័យឆ្លាត និងពុំធ្លាប់មាននាពេលកន្លងមក ជាក់ស្តែងនៅខេត្តព្រះសីហនុបច្ចុប្បន្ន ក្រុមការងារបច្ចេកទេសបាននឹងកំពុងតម្លើងប្រព័ន្ធបណ្តាញកាមេរ៉ាសុវត្ថិភាពចំនួន ៦០០គ្រឿង ស្មើនឹង ៥០០គោលដៅ លើផ្លូវ ៣៤ខ្សែ ដើម្បីបម្រើឲ្យការងារជំនាញចរាចរណ៍ និងសណ្តាប់ធ្នាប់។

របាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍មានចំនួន ២៩៨លើក លើ២៨៧ កើន១១លើក ស្មើនឹង៤ភាគរយ ស្លាប់១៣៩នាក់ លើ១៣២នាក់ កើន៧នាក់ របួស៤២៧នាក់ លើ៤៨៧នាក់ ថយ៦០នាក់ ស្មើនឹង១២ភាគរយ របួសធ្ងន់២៧០នាក់ លើ២៩៣នាក់ ថយ២៣នាក់ ស្មើនឹង៨ភាគរយ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation