ប៉ូលិសនេប៉ាល់ឃុំខ្លួនជនជាតិចិន១២២នាក់ដែលជាប់សង្ស័យក្នុងករណីឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនិងលួចដកប្រាក់តាមម៉ាស៊ីនATM
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមមន្ត្រីនេប៉ាល់បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលិសបានឃុំខ្លួនបុរសនិងស្ត្រីជនជាតិចិនចំនួន១២២នាក់នៅក្នុងការបង្ក្រាបបទល្មើសដ៏ធំបំផុតដែលប្រព្រឹត្តដោយជនបរទេសដែលចូលមកក្នុងប្រទេសនេះតាមរយៈទិដ្ឋាការទេសចរណ៍។

ប៉ូលិសនៅក្នុងរដ្ឋធានីនៃប្រទេសនេប៉ាល់បាននិយាយថា ជនសង្ស័យទាំងនោះត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយឆ្មក់ជាច្រើនកន្លែងកាលពីថ្ងៃចន្ទបន្ទាប់ពីទទួលបានព័ត៌មានថាពួកគេមានជាប់ពាក់ព័ន្ធនៅក្នុងសកម្មភាពគួរឲ្យសង្ស័យ។

ប៉ូលិសបានបន្តថា ជនជាតិចិនទាំងអស់នោះត្រូវបានជាប់សង្ស័យក្នុងករណីឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនិងលួចដកប្រាក់តាមម៉ាស៊ីនATM ដោយបានបន្ថែមថាពួកគេត្រូវបានឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសផ្សេងៗគ្នាហើយលិខិតឆ្លងដែននិងកុំព្យូទ័ររបស់ពួកគេក៏ត្រូវបានដកហូតទុកផងដែរ។

មន្ត្រីជាន់ខ្ពស់នេប៉ាល់ម្នាក់ទៀតបាននិយាយថា ស្ថានទូតចិនបានដឹងពីការវាយឆ្មក់នេះនិងបានគាំទ្រចំពោះការឃុំខ្លួនជនសង្ស័យ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងទីក្រុងប៉េកាំងថា ប៉ូលិសចិននិងនេប៉ាល់បានសហការគ្នាលើករណីនេះ ហើយចិនមានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ជាមួយប្រទេសជិតខាងរបស់ខ្លួន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation