រូបព្រះព្រហ្មនិមិត្តសញ្ញានៃក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានកសាងនិងអភិសេកដើម្បីយកទៅបំពាក់លើអគារ"ស"នៃក្រុមប្រឹក្សាធម្មនុញ្ញ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមកិត្តិនីតិ កោសល បណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តប្រោះព្រំព្រះទេវរូប “ព្រះ ព្រហ្ម” នៅក្នុងវត្តលង្ការព្រះកុសុមារាម ស្របតាមទំនៀមទំលាប់ប្រពៃណីរបស់ជាតិ ។

បន្ទាប់ពីថ្វាយចង្ហាន់និងគ្រឿងសក្ការៈចំពោះពុទ្ធិរូប នមស្ការព្រះរតនត្រៃ សមាទានសីល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញបើកព្រះភ័ក្រ្តព្រះព្រហ្មរូប ចើមសន្លឹកមាស ថ្វាយទឹកស័ង្ខព្រះព្រហ្មរូប និងយាងអញ្ជើញសម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយទឹកស័ង្ខ។

ជាកិច្ចបន្ត សម្តេចព្រះមហាអរិយវង្សបណ្ឌិត ព្រះចៅអធិការ ចារមន្ត និងថ្វាយទឹកស័ង្ខព្រះ ព្រហ្មរូបរួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ថ្វាយ អុជទាន ធូប និងថ្វាយគ្រឿងសក្ការៈបូជាព្រះព្រហ្មរូប។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ប្រគេនទេយ្យវត្ថុប្រគេន ព្រះសង្ឃ ៩អង្គ ជាកិច្ចបញ្ចប់កម្មវិធី ។

សូមបញ្ជាក់ថា ព្រះព្រហ្មរូប រចនាបទកោះកេរ្តិ៍នេះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញអនុម័តយកធ្វើជានិមិត្តសញ្ញាក្រុមប្រឹក្សាធម្មនុញ្ញតាំងពីឆ្នាំ១៩៩៨មក ហើយរហូតមកដល់ឆ្នាំ២០១៩ នេះ ទើបឯកឧត្តមកិត្តិនីតិ កោសល បណ្ឌិតប្រធានក្រុម ប្រឹក្សាធម្មនុញ្ញ បានផ្តួចផ្តើមគំនិតដឹកនាំកសាងឡើង ដើម្បីបំពាក់លើអគារ “ស” ទីស្តីការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៃវិមានរដ្ឋចំការមន ។ ការកសាងព្រះព្រហ្មរូបនេះ គឺជាការចូលរួមក្នុងការលើកតម្កើងបេតិកភណ្ឌវប្បធម៌ជាតិ និងតម្កល់ទុកជាកេរ្តិ៍តំណែលដល់ជនានុជនជំនាន់ក្រោយ ព្រោះរូបព្រះព្រហ្មរចនាបទកោះកេរ្តិ៍នេះ គឺជាសិល្បៈបដិមាដ៏ល្អឯកក្នុងចំណោមសិល្បៈបដិមារបស់ខ្មែរ។

គួររំលឹកបន្ថែមថា កាលពីឆ្នាំ២០១៨ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជូនគណៈប្រតិភូ ក្រុម ប្រឹក្សាធម្មនុញ្ញទៅចម្លងខ្នាតព្រះព្រហ្មរចនាបទកោះកេរ្តិ៍នេះ ដែលរូបសំណាក់ដើមតម្កល់ទុកនៅសារមន្ទីរហ្គីម៉េ (Guimet) នៃប្រទេសបារាំង៕
អត្ថបទ៖វងសុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation