ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់កងពលតូចអន្តរាគមន៍លេខ១៤
| ព័ត៌មានជាតិ
SHARE

(ខេត្តពោធិ៍សាត់)៖ នាថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការ ០១ ខ្នង និងបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០១៩ របស់កងពលតូចអន្តរាគមន៍លេខ១៤ ក្នុងខេត្តពោធិ៍សាត់។

នាឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់កងពលតូចអន្តរាគមន៍លេខ១៤ ដែលកន្លងទៅនេះ បានបំពេញភារកិច្ចការពារជាតិ មាតុភូមិ ក្នុងនាមជាកម្លាំងចល័តអន្តរាគមន៍ឱ្យតាមបណ្តាទិសនៅសមរភូមិមុខទិសយោធភូមិភាគទី៥ និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ធានាបាននូវភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា។

មេបញ្ជាការកងទ័ពជើងគោក បានចាត់ទុកលទ្ធផលនៃវគ្គហ្វឹកហ្វឺនឆ្នាំ២០១៩នេះ បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់កងពលតូចអន្តរាគមន៍លេខ១៤ ក្នុងការអនុវត្តយ៉ាងសកម្មនូវការងារហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប់ជាប្រចាំ ដើម្បីឆ្លើយតបបានទៅនឹងសំណូមពរភារកិច្ចចំពោះមុខ ក៏ដូចជាតម្រូវការនៃការអភិវឌ្ឍសមត្ថភាពរបស់យោធិន ដែលជាផ្នែកមួយដ៏សំខាន់នៃការងារកែទម្រង់របស់កងយោធពលខេមរភូមិន្ទ និងក៏បានបង្ហាញឱ្យឃើញផងដែរអំពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់កងពល ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិ។

ស្របគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រកាសគាំទ្រចំពោះការបេ្តជ្ញាចិត្តរបស់កងពល ក្នុងការអនុវត្តទិសដៅការងារហ្វឹកហ្វឺនឆ្នាំ២០២០ ក្នុងនោះកងពលត្រូវបន្តសង្កត់ធ្ងន់លើការពង្រឹង គុណភាពហ្វឹកហ្វឺន។ បន្តទៅនេះ គ្រប់បណ្តាអង្គភាព និងសាលាចំណុះកងទ័ពជើងគោក ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ធ្វើយ៉ាងណា ឱ្យការហ្វឹកហ្វឺន ធានាបាននូវគុណភាពជាជាងបរិមាណ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការចូលរួមអបអរសាទរចំពោះសមិទ្ធិផលអគារទីបញ្ជាការថ្មី ដែលកំពុងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះ។ ជានិច្ចជាកាល ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិននៅគ្រប់បណ្តាកងឯកភាព តាមរយៈការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង និងការបង្កលក្ខណៈនានាសម្រួលការបំពេញការងារ ក៏ដូចជាការលើកស្ទួយជីវភាព និងសុខុមាលភាពរបស់កងទ័ព។

មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងស្រុកក្រគរ ព្រមទាំងអគ្គិសនីកម្ពុជា ជាអង្គភាពសម្ព័ន្ធមេត្រីភាព ដែលជានិច្ចជាកាលតែងបានឧបត្ថម្ភគាំទ្រដល់កងពល រហូតអង្គភាពមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវបញ្ហាលំបាក និងតម្រូវការជាក់ស្តែងចំពោះមុខនានា។ ហើយ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល ២០២០ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្ឃឹមជឿជាក់ថា ពរជ័យសិរីសួស្តី សុភមង្គល និងជោគជ័យថ្មីៗ នឹងបន្តកើតមានសម្រាប់ប្រជាជនកម្ពុជា និងសូមអរគុណសន្តិភាពក្នងរយៈកាលជាង ២០ឆ្នាំកន្លងមកនេះ ដែលសម្រេចបានក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំរបស់កម្ពុជា។ អំណោយផលនៃសន្តិភាព បាននឹងកំពុងផ្តល់ឱ្យប្រជាជនកម្ពុជា នូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយសុភមង្គល សិទ្ធសេរីភាពគ្រប់បែបយ៉ាង និងភាពសប្បាយរីករាយជួបជុំក្រុមគ្រួសារញាតិមិត្តក្នុងឱកាសបុណ្យតូចធំទាំងអស់ក្នុងមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង៕ដោយ៖អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation