ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអូស្ត្រាលីសន្យាផ្តល់ថវិកា២ពាន់លានដុល្លារអូស្ត្រាលីបន្ថែមសម្រាប់ស្តារការខូចខាតដោយសារភ្លើងឆេះព្រៃឡើងវិញ

image

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ប្រាក់២ពាន់លានដុល្លារអូស្ត្រាលីបន្ថែមនៅក្នុងរយៈពេល២ឆ្នាំទៀតសម្រាប់ការចំណាយលើការស្តារការខូចខាតឡើងវិញខណៈប្រទេសនេះត្រូវបានវាយប្រហារដោយភ្លើងឆេះព្រៃធ្ងន់ធ្ងរ។

លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា រដ្ឋាភិបាលនឹងរ៉ាប់រងរាល់ការចំណាយទាំងអស់ដើម្បីស្តារការខូចខាតដោយសារភ្លើងឆេះព្រៃឡើងវិញ។ លោកបានបន្តថាភ្លើងឆេះព្រៃទំនងនឹងអាចបន្តកើតឡើងជាច្រើនសប្តាហ៍ឬច្រើនខែទៀត។

ថវិកាប្រហែល៥រយលានដុល្លារអូស្ត្រាលីនឹងត្រូវបានបែងចែកនៅខែមិថុនាខាងមុខហើយថវិកាដែលនៅសល់នឹងត្រូវបានបែងចែកជាបន្តបន្ទាប់។ 

លោក ម៉ូរីសុន (Morrison) បាននិយាយថា លោកនឹងផ្តល់មូលនិធិបន្ថែមប្រសិនបើមានការចាំបាច់។

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីកំពុងតស៊ូប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅទូទាំងតំបន់ឆ្នេរសមុទ្រភាគខាងកើតអស់រយៈពេលជាច្រើនសប្តាហ៍មកហើយដោយភ្លើងបានឆាបឆេះបំផ្លាញព្រៃឈើលើផ្ទៃដីជាង៦លានហិចតានិងបណ្តាលឲ្យមនុស្ស២៤នាក់ហើយបានបាត់បង់ជីវិត៕