ព័ត៌មានជាតិ

លោក​ទេសរដ្ឋមន្ត្រី​ កែវ​ រ៉េមី​៖​ ដរាបណាខ្ញុំនៅតែជាចំណែកក្នុងជួររាជរដ្ឋាភិបាល​កម្ពុជា​ ខ្ញុំនៅតែបន្តគាំទ្រ​ និងការពារដល់អ្នកស្រលាញ់ភេទដូចគ្នា​

image

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា លោកគាំទ្រចំពោះអ្នកស្រលាញ់ភេទដូចគ្នា ព្រោះនេះជាចរិតលក្ខណៈពីកំណើត និងជាចំណង់ចំណូលចិត្ត
របស់មនុស្សម្នាក់ៗ ដូចជាមនុស្សទូទៅធម្មតាយ៉ាងដូច្នោះដែរ។ ត្រង់ចំណុចនេះ លោកបានប្តេជ្ញាចិត្តថា នឹងនៅតែបន្តគាំទ្រ និងការពារ ចំពោះអ្នកស្រលាញ់ភេទដូចគ្នា។ ការលើកឡើងដូចនេះ ក្នុងវិធីអបអរទិវាក្តីស្រលាញ់ កិច្ចសន្ទនាអំពី ការគាំទ្រ និងលើកកម្ពស់ក្តីស្រលាញ់ចម្រុះរបស់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានៅភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះថា៖ «ដរាបណាខ្ញុំនៅតែជាចំណែកក្នុងជួររាជរដ្ឋាភិបាល ខ្ញុំនៅតែបន្តគាំទ្រ និងការពារដល់អ្នកស្រលាញ់ភេទដូចគ្នា។ ក្នុងនាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ខ្ញុំតែងតែណែនាំមន្ត្រីរបស់ខ្ញុំ ត្រូវប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់ពាក្យសម្តី ការលេងសើចនៅបណ្តាញសង្គម ដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ប៉ុន្តែត្រូវចូលរួមដោះស្រាយនូវពាក្យបណ្តឹង និងផ្សព្វផ្សាយ បញ្ច្រាប ដល់ថ្នាក់ដឹកនាំសមាជិករាជរដ្ឋាភិបាល»។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានលើកឡើងនូវស្ថានភាពពិភពលោកដែលប្រទេសខ្លះ ជាប្រទេសសេរី ជាប្រទេសដែលមានកាគោរពសិទ្ធិមនុស្ស ក៏ប៉ុន្តែបែរជាធ្វើឱ្យគេភ្ញាក់ផ្អើល គឺមានការរឹតបន្តឹង និងមានការលក្ខណៈរើសអើងពណ៌សម្បុរ ពូជសាសន៍ ជាដើម។ ប៉ុន្តែប្រទេសខ្លះ ក៏មានការជំរុញការអនុម័តច្បាប់អាពាហ៍ពិពាហ៍របស់ប្រុសស្រីដែលជាប្រទេសទី២ បន្ទាប់ពីតៃវ៉ាន់។

សម្រាប់ប្រទេសកម្ពុជា កម្មវិធីថ្ងៃនេះ ក៏ជាមោទនភាព ដែលមានមានលក្ខណៈបើកចំហរ មានការចូលរួមទាំងអស់គ្នាដោយក្តីស្រលាញ់ទាក់ទងនឹងថ្ងៃទី១៤កុម្ភៈ សើម្បីបញ្ចេញមតិដោយគ្មានការព្រួយបារម្ភ គ្មានសម្ពាធ ហ៊ានចេញមុខជាបណ្តើរៗ ដោយសារគោលនយោបាយរបស់រាជារដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចូលរួមជាមួយគ្នា ជាមួយស្ថានទូតបារាំងនៅអាឡឺម៉ង់ ដោយបានចេញសេចក្តីថ្លែងការណ៍រួមមួយសម្រាប់ប្រកាសនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៃសិទ្ធិមនុស្ស ដោយបានអំពាវនាវដល់បណ្តាប្រទេសទាំងអស់លើសកលលោក កុំឱ្យមានការដាក់ទោសទណ្ឌទៅលើអ្នកស្រលាញ់ភេទដូចគ្នា ដែលនេះជាការនាំមុខមួយនៅក្នុងអាស៉ី និងនៅលើពិភពលោក។ ជាមួយគ្នានេះយើងក៏មានការតស៊ូ តាមរយៈបន្លឺសំឡេងតាមរយៈកិច្ចសន្ទនា ដើម្បីឱ្យថ្នាក់ដឹកនាំ ក៏ដូចជាអ្នកសារព័ត៌មាន ផ្សព្វផ្សាយបន្តទៀតឱ្យដឹងថា អ្នកស្រឡាញ់ភេទដូចគ្នា កំពុងត្រូវការសេចក្តីព្រៀងច្បាប់ ដើម្បីគាំពារដល់ការរៀបអាពាហ៍ពិពាហ៍ ផងដែរ។

ជាមួយគ្នានេះ កញ្ញា លី ពិសី ប្រធានសម្របសម្រួលនៃសហគមន៍ ROCK បានឱ្យដឹងថា ពិធីអបអរទិវានៃក្តីស្រឡាញ់ឆ្នាំ២០២៥ អង្គការសហគមន៍ឥន្ទធនូកម្ពុជា និងបណ្តាញអង្គការសង្គមស៊ីវិលធ្វើការលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិនិន្ទាភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ សិទ្ធិសុខភាពផ្លូវភេទ និងសិទ្ធិសុខភាពបន្តពូជ នៅប្រទេសកម្ពុជា រៀបចំកិច្ចសន្ទនារវាងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានេះឡើងជាមួយសមាជិកគ្រួសារ បណ្តាញសារព័ត៌មាន និងតំណាងក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ហាញការបន្តគាំទ្រ និងលើកកម្ពស់ភាពចម្រុះនៃសេចក្តីស្រឡាញ់ រាប់ទាំងក្តីស្រឡាញ់ចំពោះគូស្រករភេទដូចគ្នា ភេទផ្ទុយគ្នា ក្តីស្រឡាញ់ចំពោះឪពុកម្តាយ សាច់ញាតិ មិត្តភក្តិ សហគមន៍ សង្គមជាតិ និងមនុស្សជាតិលើសកលលោកប្រកបដោយសមភាព បរិយាបន្ន និងភាពសុខដុម។

ម្យ៉ាងទៀត កម្មវិធីនេះ ក៏ជាការចូលរួមចំណែកជំរុញ ឱ្យមានវឌ្ឍនភាព នៃការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ស្របតាមការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធ រាប់បញ្ចូលទាំងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអនុវត្តនូវអនុសាសន៍ការពិនិត្យឡើងវិញជាសកលតាមកាល កំណត់ (យូ.ភី.អ) ជុំទី៤ ទៅលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា។

សូមបញ្ជាក់ថា អង្គការសមាគមឥន្ធនូកម្ពុជា និងបណ្តាញអង្គការសមាគមស៉ីវិល ធ្វើការលើសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងសិទ្ធិបន្តពូជនៅកម្ពុជា បានរៀបចំកិច្ចសន្ទនានេះឡើង ជាការរួមចំណែក ជំរុញឱ្យមានវឌ្ឍនៈភាពនៃការការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ស្របតាមការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធ រាប់បញ្ចូលទាំងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអនុវត្តនូវអនុសាសសន៍ ការពិនិត្យឡើងវិញជាសកលតាមការកំណត់ (យូ ភី អរ) ជុំទី៤ ទៅលើសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា៕