ក្រសួងការបរទេសចិន៖ ចិនរីករាយនៅពេលបានឃើញរុស្ស៊ី និងសហរដ្ឋអាម៉េរិក ពង្រឹងទំនាក់ទំនងជាមួយគ្នា
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងថា ប្រទេសចិន ពិតជារីករាយណាស់ នៅពេលដែលបានឃើញរុស្ស៊ី និងសហរដ្ឋអាម៉េរិក ពង្រឹងទំនាក់ទំនងជាមួយគ្នាយ៉ាងដូច្នេះ ។
ដោយបានដកស្រង់ប្រភពចេញពីអ្នកដែលដឹងពីបញ្ហានេះ ព្រឹត្តិប័ត្រវ៉លស្ទ្រីតជ័រណ័ល (Wall Street Journal) បានរាយការណ៍ថា ចិនបានដាក់សំណើដើម្បីរៀបចំជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពុទីន (Vladimir Putin) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីជួយគ្នាក្នុងការដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែន ។
ជុំវិញសំណួររបស់អ្នកការសែត អំពីរបាយការណ៍នេះ ស្ថិតនៅឯសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យរូបនេះ បាននិយាយថា លោកមិនមានព័ត៌មានជាក់លាក់ដើម្បីចែករំលែកជូននៅឡើយទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់លើគោលជំហរដ៏ជាប់លាប់របស់ប្រទេសចិន ក្នុងការគាំទ្ររាល់កិច្ចសន្ទនា និងការចរចា ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពតែមួយគត់ក្នុងការដោះស្រាយវិបត្តិដោយសន្តិវិធី ។
លោកគូ (Guo) បានបញ្ជាក់ជាថ្មីចំពោះការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបន្តដើរតួនាទីជាអ្នកសម្របសម្រួលដល់កិច្ចចរចាសន្តិភាព លើកកម្ពស់ដំណោះស្រាយនយោបាយ និងការរក្សាទំនាក់ទំនងល្អជាមួយភាគីពាក់ព័ន្ធ ។
ទន្ទឹមនឹងនោះ ប្រទេសលោកខាងលិច បានជំរុញប្រទេសចិនម្តងហើយម្ដងទៀត ឱ្យចិនប្រើប្រាស់ទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ខ្លួនជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈរដ្ឋាភិបាលក្រុងប៉េកាំង និយាយថា ខ្លួនមិនមែនជាភាគីជម្លោះនោះទេ ប៉ុន្តែខ្លួននឹងបន្តជំរុញកិច្ចចរចាសន្តិភាពសម្រាប់ដំណោះស្រាយនយោបាយ តាមលក្ខខណ្ឌរបស់ខ្លួន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ China Daily/ Others