អ៊ុយក្រែននិងអឺរ៉ុបបារម្ភថា លោកត្រាំ អាចមានកិច្ចព្រមព្រៀងណាមួយជាមួយលោកពុទីន ដោយមិនបានពិគ្រោះជាមួយពួកគេ
អ៊ុយក្រែន៖ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋធានីគីវ (Kyiv) និងសម្ព័ន្ធមិត្តអឺរ៉ុប បានលើកឡើងថា ពួកគេគួរត្រូវបានរួមបញ្ចូលទៅក្នុងផ្នែកនៃការចរចាសន្តិភាពណាមួយ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើការសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពុទីន (Vladimir Putin) ។
អំឡុងការសន្ទនាតាមទូរសព្ទនោះ លោកត្រាំ និយាយថា អ៊ុយក្រែង នឹងមិនអាចទាមទារទឹកដីទាំងអស់របស់ខ្លួន ដែលរុស្ស៊ីបានដណ្ដើមកាន់កាប់ យកមកវិញនោះទេ ហើយក៏មិនអាចចូលរួមជាមួយអង្គការណាតូបានដែរ ។
ចំណុចពិសេសនោះ គឺថា កិច្ចសន្ទនាតាមទូរសព្ទរវាងលោកត្រាំ និងលោកពុទីន បានផ្ដល់ផលវិជ្ជមានសម្រាប់ទីផ្សារហិរញ្ញវត្ថុរបស់រុស្ស៊ី ព្រមទាំងធ្វើឱ្យតម្លៃនៃមូលបត្របំណុលរបស់អ៊ុយក្រែនមានការកើនឡើង ដែលបានផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគ ហើយនេះគឺជាសញ្ញាដ៏វិជ្ជមានមួយជុំវិញលទ្ធផលនៃការចរចាសន្តិភាព ក្រោយប្រឈមសង្គ្រាមក្នុងរយៈពេល ៤ឆ្នាំឆាប់ៗនេះ ។
ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបនៅក្នុងអង្គការណាតូ បានបង្ហាញក្ដីព្រួយបារម្ភថា សេតវិមាន អាចនឹងមានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដោយមិនរាប់បញ្ចូលពួកគេនៅក្នុងការចរចា។ មន្ត្រីរបស់អឺរ៉ុប បានបញ្ជាក់ថា ពួកគេនឹងមិនគាំទ្រកិច្ចព្រមព្រៀងណាមួយឡើយ ប្រសិនបើពួកគេ រួមទាំងអ៊ុយក្រែន មិនបានស្ថិតនៅក្នុងផ្នែកនៃកិច្ចពិភាក្សាទាំងអស់នោះ ។
ប្រភពការទូតមួយរបស់អឺរ៉ុប បានលើកឡើងថា រដ្ឋមន្ត្រីអឺរ៉ុប គ្រោងនឹងប្រើប្រាស់ភាសាការទូតធ្ងន់ៗ និងច្បាស់ៗ ដើម្បីបង្ហាញពីក្ដីកង្វល់របស់ពួកគេ នៅពេលចូលរួមនៅក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីអាម៉េរិក នៅឯសន្និសីទប្រចាំទីក្រុងមុយនិច (Munich) ដែលចាប់ផ្ដើមនាថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ នេះ ។
ទន្ទឹមនឹងនោះ តាមរយៈការសន្ទនារបស់លោក លោកត្រាំ (Trump) ជឿថា ទាំងលោកពុទីន (Putin) និងលោកហ្សេលែនស្គី សុទ្ធតែប្រាថ្នាចង់បានសន្តិភាពដូចគ្នា។ ប៉ុន្តែភាពមិនច្បាស់លាស់នៅតែកើតមានជាបន្ត ដោយរដ្ឋបាលរបស់លោកត្រាំ (Trump) បាននិយាយដោយបើកចំហជាលើកដំបូងថា វាមិនប្រាកប្រជានោះទេ សម្រាប់អ៊ុយក្រែន ក្នុងការរំពឹងទទួលបានទឹកដីទាំងអស់របស់ខ្លួនដែលបានបាត់បង់តាំងពីឆ្នាំ ២០១៤ ត្រឡប់មកវិញ ឬមិនអាចចូលរួមជាមួយណាតូសម្រាប់កិច្ចព្រមព្រៀងណាមួយឡើយ ហើយគ្មានកងទ័ពអាម៉េរិកណាមួយ នឹងចូលរួមក្នុងបេសកកម្មរក្សាសន្តិសុខជាមួយកងកម្លាំងណាមួយនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីធានាបទឈប់បាញ់នោះទេ ។
ក្នុងកិច្ចសន្ទនាជាមួយនឹងមេដឹកនាំថ្មីរបស់សហរដ្ឋអាម៉េរិក វិមានក្រឹមឡាំង បានសម្ដែងនូវការយល់ស្រប និងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់លោកត្រាំ (Trump) ដែលជាសកម្មភាពផ្ទុយស្រឡះទាំងស្រុង កាលពីអាណត្តិរបស់លោក ចូ បៃដិន (Joe Biden) ។
កាលពីឆ្នាំ ២០១៤ រុស្ស៊ី បានដណ្ដើមយកឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រែនមកគ្រប់គ្រង និងដណ្ដើមយកទឹកដីបន្ថែមទៀតនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន អំឡុងប្រតិបត្តិការឈ្លានពានពេញទីចាប់តាំងពីឆ្នាំ ២០២២ ។
នាឆ្នាំ ២០២២ ដដែលនោះ អ៊ុយក្រែន បានវាយបកដោយរុញច្រានកងទ័ពរុស្ស៊ី ចេញពីរដ្ឋធានីគីវ និងដណ្ដើមយកទឹកដីរបស់ខ្លួនត្រឡប់មកវិញ ប៉ុន្តែនៅឆ្នាំ ២០២៣ ការវាយបកឆ្លើយតបរបស់អ៊ុយក្រែន ក៏បានជាប់គាំង ហើយរុស្ស៊ី ក៏មានឱកាស ដណ្ដើមយកទឹកដីមួយចំនួនត្រឡប់ទៅវិញ។ ការប្រយុទ្ធគ្នាដោយឥតឈប់ឈរជាបន្តបន្ទាប់មកនេះ បានឆក់យកអាយុជីវិត ឬក៏ធ្វើឱ្យទាហានរាប់សែននាក់រងរបួសទាំងសងខាង ស្របពេលអ៊ុយក្រែន ទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ។
ទោះឆ្លងកាត់ការប្រយុទ្ធគ្នាជាច្រើនឆ្នាំមកហើយ រហូតបណ្ដាលឱ្យមានការខាតបង់បែបណាក្ដី ក៏ភាគីទាំងសងខាង ហាក់មិនមានពន្លឺណាមួយឆ្ពោះទៅរកកិច្ចព្រមព្រៀងសោះឡើយ ដោយភាគីទាំងពីរនៅប្រកាន់ជំហរត្រឹមត្រូវរៀងៗខ្លួន។ ក្នុងនោះ រុស្ស៊ី បានទាមទារឱ្យទីក្រុងគីវ ប្រគល់ទឹកដីរបស់ខ្លួនបន្ថែមឱ្យរុស្ស៊ី និងរក្សាអព្យាក្រឹតនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយ ខណៈអ៊ុយក្រែន និយាយថា រុស្ស៊ីត្រូវតែដកកងកម្លាំងចេញទាំងស្រុងពីក្នុងទឹកដីអ៊ុយក្រែន និងតស៊ូដើម្បីចូលរួមជាមួយអង្គការណាតូ ដើម្បីធានាទប់ស្កាត់ចំពោះការវាយប្រហារនាពេលអនាគត ។
ទោះមន្ត្រីអ៊ុយក្រែន ទទួលស្គាល់ថា ការចូលរួមជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូ នឹងមិនអាចដំណើរទៅបានក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែពួកគេបានបង្ហាញនូវភាពភ្ញាក់ផ្អើលនិងតក់ស្លុតចំពោះលោកដូណាល់ត្រាំ ដែលបានបើកការចរចាជាមួយរុស្ស៊ី ដោយមិនបានពិគ្រោះជាមួយពួកគេជាមុន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Various Sources