ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីឥណ្ឌា នាំកាដូពាណិជ្ជកម្មសម្រាប់សហរដ្ឋអាម៉េរិក ក្នុងឱកាសជំនួបជាមួយលោកដូណាល់ត្រាំ

image


សហរដ្ឋអាម៉េរិក៖ នៅក្នុងឱកាសដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននាំមកជាមួយនូវកាដូពាណិជ្ជកម្មដ៏មានសក្តានុពលមួយ សម្រាប់ការជជែកសម្របសម្រួលជាមួយលោកដូណាល់ត្រាំនៅឯសេតវិមានអាម៉េរិក ក្នុងក្តីសង្ឃឹមនឹងអាចយកចិត្តលោកដូណាល់ត្រាំ ដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក តាមរយៈការសន្យាបង្កើនទំនាក់ទំនងពាណិជ្ជកម្មស្មើភាពគ្នាជាមួយអាម៉េរិក និងការព្រមទទួលយកនូវវិធានការពន្ធមួយចំនួនរបស់រដ្ឋាភិបាលអាម៉េរិក ដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្មល្អទៅថ្ងៃមុខ។

វត្តមានរបស់លោកនាយករដ្ឋមន្រ្តី Modi នៅសហរដ្ឋអាម៉េរិកនេះ កើតឡើងស្របពេលលោកដូណាល់ត្រាំ បានដាក់ចេញនូវផែនការដំឡើងពន្ធគយ លើបណ្តាប្រទេសជាច្រើនដែលលោកចោទប្រកាន់ថា បានកំណត់ពន្ធច្រើនហួសហេតុមកលើផលិតផលនាំចូលពីសហរដ្ឋអាម៉េរិក។ នៅពេលនេះថ្មីៗ មានប្រទេសធំៗចំនួន ៣ ដែលត្រូវជាមិត្តផងនិងជាគូប្រជែងផងរបស់សហរដ្ឋអាម៉េរិក រួមមានប្រទេសកាណាដា ម៉ិកស៊ិកកូ និងចិន គឺបានកំពុងប្រឈមនឹងការដំឡើងពន្ធគយរបស់លោកដូណាល់ត្រាំចាប់ពី ១០% ទៅ២៥% ខណៈលោកបានអះអាងថា វិធានការថ្មីនេះ នឹងជួយពង្រឹងវិស័យសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់អាម៉េរិកឱ្យកាន់តែរឹងមាំ។

ទន្ទឹមនឹងនោះ ប្រទេសឥណ្ឌា ក៏ទំនងជាមិនអាចគេចផុតពីវិធានការពន្ធរបស់លោកដូណាល់ត្រាំបានឡើយ បើទោះបីទំនាក់ទំនង រវាងលោកដូណាល់ត្រាំ ជាមួយលោកនាយករដ្ឋមន្រ្តី Modi ហាក់មានភាពស្និទ្ធស្នាលយ៉ាងណាក្តី ពីព្រោះលោកដូណាល់ត្រាំ ធ្លាប់បានរិះគន់ប្រទេសឥណ្ឌាថាជា "ដៃគូពាណិជ្ជកម្មដែលកំពុងដើរខ្សែលើសហរដ្ឋអាម៉េរិកលើវិស័យជំនួញ" ហើយការប្រកាសដំឡើងពន្ធគយលើផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់លោកដូណាល់ត្រាំកាលពីពេលថ្មីៗនេះ បានធើ្វឱ្យវិស័យឧស្សាហកម្មរបស់ឥណ្ឌារងផលប៉ះពាល់មិនតិចឡើយ។

ក្នុងឱកាសជំនួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាខាងលើនេះ លោកដូណាល់ត្រាំបាននិយាយថា "លោកនឹងប្រឹងប្រែងកសាងទំនាក់ទំនងពាណិជ្ជកម្មថ្មី ដែលមានតុល្យភាពរវាងអាម៉េរិកនិងឥណ្ឌា តាមរយៈការជំរុញឱ្យឥណ្ឌាបង្កើនការទិញប្រេងនិងឧស្ម័នពីសហរដ្ឋអាម៉េរិក"។

ចំណែកលោកនាយករដ្ឋមន្រ្តី Modi បានថ្លែងកោតសរសើរចំពោះការដឹកនាំប្រទេសរបស់លោកដូណាល់ត្រាំ ដែលបានតម្តល់ផលប្រយោជន៍ជាតិរបស់សហរដ្ឋអាម៉េរិកជាធំ និងបានចាត់ទុកកិច្ចការនេះថាជា ភារកិច្ចមួយដ៏ត្រឹមត្រូវសម្រាប់បណ្តាមេដឹកនាំទូទៅលើពិភពលោក ដែលរួមមានទាំងរូបលោកផ្ទាល់ផងដែរ។

ដោយឡែក ងាកមកទំនាក់ទំនងពាណិជ្ជកម្មឯណេះវិញ ក្រុមគណៈប្រតិភូរបស់លោកនាយករដ្ឋ Modi បានសន្យានឹងពង្រឹងការធើ្វជំនួញជាមួយសហរដ្ឋអាម៉េរិក តាមរយៈការបង្កើនទិញប្រេង ឧស្ម័នធម្មជាតិរាវ និងគ្រឿងសព្វាវុធសំខាន់ៗរបស់សហរដ្ឋអាម៉េរិក។ ក្រៅពីនេះ មន្រ្តីរដ្ឋាភិបាលរបស់ឥណ្ឌានិងអាម៉េរិក ក៏មានផែនការចុះកិច្ចព្រមព្រៀងបង្កើនការនាំចេញផលិតផលកសិកម្មរបស់អាម៉េរិក ទៅកាន់ទីផ្សារប្រទេសឥណ្ឌា រួមទាំងបន្ថែមការវិនិយោគលើវិស័យថាមពលនុយក្លេអ៊ែរផងដែរ ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect