
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកថា ចង់ឲ្យទំនាក់ទំនង និងកិច្ចសហប្រតបត្តិការ រវាងកម្ពុជា-អាមេរិក កាន់តែជិតស្និទ

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យ ឯកឧត្តម ផាត់ទ្រីក មឺហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្ទាប់ពីបញ្ចប់ជំនួប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ឆ្នាំ២០២០នេះ ជាខួបលើកទី៧០ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ក្នុងន័យនេះ ឯកឧត្តមឧប បានប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកថា យើងគប្បីធ្វើយ៉ាងណា ឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែមានភាពខ្លាំងក្លា និងជិតស្និទថែមទៀត លើអ្វីដែលយើងមានស្រាប់។
ឯកឧត្តម ហោ ណាំហុង បានប្រាប់ទៅទូតអាមេរិកដែរថា ដោយសម្លឹងទៅមើលមេរៀន ដែលបណ្តាប្រទេសមួយចំនួន នៅតំបន់មជ្ឈឹមបូព៌ា ដែលប្រជាជនខ្លួន ស្រែកឃ្លាននូវលទ្ធិប្រជាធិបតេយ្យខ្លាំងពេក បានធ្វើឱ្យបណ្តាប្រទេសនោះរងគ្រោះ វិនាសព្រាតប្រាស់ដោយសារតែភ្លើងសង្គ្រាម។ ដូច្នេះ ដោយសារតែមេរៀនរបស់បណ្តាប្រទេសទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ នៅខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំយកសន្តិភាពយ៉ាងលំបាកបំផុតជូនមាតុភូមិកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមទៀតថា តាមរយៈសុខសន្តិភាពនេះ បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ បានជួបជុំក្រុមគ្រួសារ ដូចអ្វីដែលឯកឧត្តមឯកអគ្គរដ្ឋទូត បានមើលឃើញដូចសព្វថ្ងៃនេះផងដែរ។
ឯកឧត្តម បានបន្តថា ការអភិវឌ្ឍនៅតំបន់តារាសាគរ ខេត្តកោះកុង គឺដើម្បីធ្វើជាតំបន់ពហុបំណង មានន័យថាទាំងទេសចរណ៍ ទាំងសេដ្ឋកិច្ច និងការវិនិយោគ ដូចទៅនឹងខេត្តព្រះសីហនុផងដែរ មិនមែនដូចការលើកឡើង ពីពាក្យចចាមអារ៉ាម ដែលថាចិនកសាងមូលដ្ឋានទ័ពនោះទេ។ ចំណុចនេះ ឯកឧត្តមឧបយករដ្ឋមន្ត្រីបានឱ្យថា សហរដ្ឋអាមេរិក ជាប្រទេសដែលមានបច្ចេកវិទ្យាទំនើប ដូចជាផ្កាយរណប ដែលអាចមើលឃើញ ពីសកម្មភាពនានា របស់បណ្តាប្រទេស នៅលើពិភពលោក ដូច្នេះប្រសិនបើ មានមូលដ្ឋានទ័ពចិន នៅកម្ពុជាមែន ច្បាស់ណាស់អាមេរិកនឹងបានដឹង។
ពាក់ព័ន្ធនឹងការលើកឡើង របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តម ផាត់ទ្រីក មឺហ្វី នៅក្នុងជំនួបនេះ បានលើកឡើងថា ឯកឧត្តមក៏ចង់ឃើញ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កាន់តែល្អផងដែរ។ ឯកឧត្តម ចាត់ទុកប្រទេសកម្ពុជា មានមូលដ្ឋានល្អ សម្រាប់អនុវត្ត លទ្ធិប្រជាធិបតេយ្យ ដោយមានប្រជាពលរដ្ឋយ៉ាងច្រើន បានចេញទៅបោះឆ្នោត ទោះបីលទ្ធិប្រជាធិបតេយ្យកម្ពុជា មានភាពក្មេងខ្ចីក៏ដោយ។ ឯកឧត្តមបានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅអាមេរិកវិញ មានយុ២៤៤ឆ្នាំមកហើយ ក៏មិនមានភាពល្អទាំងស្រុងនោះទេ។
ឯកឧត្តម ផាត់ទ្រីក មឺហ្វី បានអះអាងដែរថា ក្នុងនាមជាអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ឯកឧត្តម មិនមានភាពលំអៀង ទៅកាន់ភាគីខាងណានោះទេ ទោះបីថ្មីៗនេះ មានការចាប់ខ្លួន អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងក៏ដោយ។ ឯកឧត្តមទូតថា អ្វីដែលលោកចង់បាន គឺការពង្រឹងទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ៕ អត្ថបទ ៖ សន ពិសិដ្ឋ
