ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនជាតិម៉ិកស៊ិកភ័យខ្លាចចំពោះការបញ្ជូនទៅក្វាតេម៉ាឡា

image

ពលរដ្ឋម៉ិកស៊ិកដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅអាមេរិកដើម្បីគេចពីអំពើហិង្សានិងអសន្តិសុខនៅក្នុងប្រទេសកំណើតរបស់ពួកគេភ័យខ្លាចថានឹងមានគ្រោះថ្នាក់ប្រសិនបើពួកគេត្រូវបានបញ្ជូនទៅប្រទេសក្វាតេម៉ាឡាក្រោមផែនការថ្មីរបស់រដ្ឋបាលលោក ត្រាំ ចំពោះក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន។

ស្ថិតក្រោមបទបញ្ញត្តិថ្មីរបស់អាមេរិកដែលត្រូវបានប្រកាសជាសាធារណៈកាលពីថ្ងៃចន្ទ, ពលរដ្ឋម៉ិកស៊ិកដែលបានស្នើសុំការការពារខ្លួននៅឯព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិកនោះអាចនឹងត្រូវបានបញ្ជូនទៅប្រទេសក្វាតេម៉ាឡាដើម្បីស្វែងរកការជ្រកកោននៅទីនោះវិញ។

កាលពីឆ្នាំមុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឆ្លើយតបទៅនឹងការកើនឡើងនៃការស្នើសុំសិទ្ធិជ្រកកោនពីសំណាក់ពលរដ្ឋអាមេរិកកណ្តាលដោយដាក់ចេញនូវគោលការណ៍ជាបន្តបន្ទាប់ដើម្បីមិនឲ្យពួកគេចូលទឹកដីអាមេរិក។ ហើយបទបញ្ញត្តិថ្មីៗចុងក្រោយនេះបានអនុវត្តទៅលើជនចំណាកស្រុកដែលមកពីប្រទេសម៉ិកស៊ិកព្រមទាំងហុងឌូរ៉ាស់ និងអេលសាវ៉ាឌ័រ។

គេនៅមិនទាន់ដឹងច្បាស់ពីពេលវេលាដែលអាមេរិកនឹងចាប់ផ្តើមបញ្ជូនពលរដ្ឋម៉ិកស៊ិកទៅក្វាតេម៉ាឡាទេ។ ប៉ុន្តែរដ្ឋាភិបាលម៉ិកស៊ិកបានប៉ាន់ស្មានថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិម៉ិកស៊ិក៩រយនាក់អាចនឹងត្រូវរងផលប៉ះពាល់នៅខែកុម្ភៈខាងមុខ៕

ព័ត៌មានទាក់ទង...