ជប៉ុនផ្តល់លុយជាង ៣៦ម៉ឺនដុល្លារសម្រាប់គម្រោងកែលម្អផ្លូវថ្នល់, សាងសង់បរិក្ខារសុខាភិបាល និងស្ថានីយផលិតទឹកស្អាតខ្នាតតូច
| ព័ត៌មានជាតិ
SHARE

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួនជាង ៣៦ម៉ឺន ៣ពាន់ដុល្លារអាមេរិក ដល់អង្គភាពចំនួនបី ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងបី។

សម្រាប់គម្រោងទាំងនោះ រួមមានដូចជា
ទី១.គម្រោងកែលម្អផ្លូវថ្នល់ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយថវិកាចំនួនជាង ១៨ម៉ឺន ១ពាន់ដុល្លារអាមេរិក ក្នុងគម្រោងនេះ ផ្លូវចាស់ដែលមានស្រាប់ប្រវែង ៦,៣០០ម៉ែត្រ នឹងត្រូវបានកែលម្អ ក្រាលគ្រួសក្រហម និងបំពាក់ជាមួយនឹងលូប្រអប់ និងលូបំពង់ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ ៧ពាន់នាក់ នៅក្នុងតំបន់។ យើងក៏រំពឹងផងដែរថា ផ្លូវដែលបានកែលម្អនេះ នឹងផ្តល់ឲ្យប្រជាជនមូលដ្ឋាននូវផ្លូវ ដែលមានភាពងាយ និងសុវត្ថិភាពជាងមុន សម្រាប់ការធ្វើដំណើរទៅសាលារៀនមន្ទីរពេទ្យ ផ្សារនិងតំបន់ផ្សេងៗទៀត ហើយព្រមទាំងជំរុញ ដល់ការដឹកជញ្ជូនផលិតផលកសិកម្ម។

ទី២.គម្រោងសាងសង់អគារសម្រាកពេទ្យនៅមណ្ឌលសុខភាពទឹកឃ្លាំង ក្នុងខេត្តកណ្តាល ដោយថវិកាចំនួនជាង ៩ម៉ឺនដុល្លារអាមេរិក ក្នុងគម្រោងនេះ អគារសម្រាកពេទ្យនឹងត្រូវបានសាងសង់នៅក្នុងមណ្ឌលសុខភាពទឹកឃ្លាំង ក្នុងខេត្តកណ្តាល។ បច្ចុប្បន្ន មណ្ឌលសុខភាពនេះ មិនមានបន្ទប់សម្រាកព្យាបាល និងបន្ទប់ក្រោយសម្រាលជាក់លាក់ នៅឡើយនោះទេ ដូច្នេះអ្នកជំងឺត្រូវសម្រាកនៅក្នុងទីវាលមួយជាមួយគ្នា។ កន្លែងវេជ្ជសាស្ត្រដែលបានកែលម្អថ្មីនេះ នឹងចូលរួមចំណែកក្នុងការផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាពដល់អ្នកជំងឺជាប្រចាំឆ្នាំប្រមាណ ៦០០នាក់។ លើសពីនេះ គម្រោងនេះ ត្រូវបានរំពឹងថា នឹងធ្វើឲ្យប្រសើរឡើងនូវការថែទាំមាតាក្រោយពេលសម្រាលជាមួយនឹងបន្ទប់ ក្រោយសម្រាល ដែលមាននៅក្នុងអគារសម្រាកពេទ្យ។

ទី៣.គម្រោងសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច នៅក្នុងឃុំចំនួន៧ នាទិសពាយ័ព្យ ដោយថវិកាចំនួនជាង ៩ម៉ឺនដុល្លារអាមេរិក ក្នុងគម្រោងនេះ ទឹកស្អាត១០០១ ដែលជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជា អង្គការនឹងសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូចចំនួន៧ ជាមួយនឹងឧបករណ៍ដែលចាំបាច់ នៅក្នុងឃុំចំនួន៧ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ទឹកស្អាត១០០១ បាននឹងកំពុងគាំទ្រដល់ការភ្ជាប់ទៅកាន់ទឹកស្អាត ដែលមានសុវត្ថិភាពនៅតាមឃុំជនបទក្នុងប្រទេសកម្ពុជា តាមរយៈការតម្លើងស្ថានីយផលិតទឹកស្អាតខ្នាតតូច។ ប្រជាជនច្រើនជាង ១ម៉ឺន ៣ពាន់នាក់ នឹងអាចទទួលបានទឹកស្អាតនិងសុវត្ថិភាពតាមរយៈគម្រោងនេះ ហើយគម្រោងនេះនឹងចូលរួមចំណែកក្នុង ការកាត់បន្ថយជំងឺ ដែលបង្កដោយទឹក។

សូមបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍនិងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជា ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូ សាណូណិចំនួន ៦១គម្រោងនៅទូទាំងប្រទេសកម្ពុជា៕អត្ថបទ៖ លោក ចេង ឆហួត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation