អ៊ីរ៉ង់នឹងមិនប្រគល់ប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់ក្នុងប្រទេសខ្លួនទៅឲ្យក្រុមហ៊ុនប៊ូអ៊ីង ឬអាមេរិកឡើយ
| ព័ត៌មានអន្តរជាតិ
SHARE

អ៊ីរ៉ង់បានប្រកាសថាខ្លួននឹងមិនប្រគល់ប្រអប់ខ្មៅដែលរកឃើញចេញពីយន្តហោះរបស់អាកាសចរណ៍អ៊ុយក្រែនដែលធ្លាក់ក្នុងទីក្រុងតេហេរ៉ង់ទៅឲ្យក្រុមហ៊ុនប៊ូអ៊ីងដែលជាក្រុមហ៊ុនផលិតយន្តហោះនេះឬទៅឲ្យសហរដ្ឋអាមេរិកឡើយ។ មនុស្សចំនួន១៧៦នាក់ដែលជិះនៅលើយន្តហោះប៊ូអ៊ីង 737-800 របស់អាកាសចរណ៍អ៊ុយក្រែនបានបាត់បង់ជីវិតទាំងអស់នៅពេលដែលយន្តហោះនេះបានធ្លាក់បន្ទាប់ពីហោះឡើងបានប៉ុន្មាននាទីចេញពីអាកាសយានដ្ឋានទីក្រុងតេហេរ៉ង់។

ក្រោមច្បាប់អាកាសចរណ៍ពិភពលោក អ៊ីរ៉ង់មានសិទ្ធិដឹកនាំការស៊ើបអង្កេតក្នុងករណីធ្លាក់យន្តហោះនេះ។ ប៉ុន្តែជាធម្មតាក្រុមហ៊ុនដែលផលិតយន្តហោះតែងចូលរួមក្នុងការស៊ើបអង្កេតហើយក្រុមអ្នកជំនាញនិយាយថាមានប្រទេសមិនច្រើនទេដែលមានសមត្ថភាពវិភាគប្រអប់ខ្មៅរបស់យន្តហោះ។

ហេតុការណ៍ធ្លាក់យន្តហោះរបស់អាកាសចរណ៍អ៊ុយក្រែនក្នុងប្រទេសអ៊ីរ៉ង់បានកើតឡើងចំពេលមានភាពតានតឹងខ្លាំងរវាងអ៊ីរ៉ង់និងអាមេរិកនិងបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពអាកាស២កន្លែងដែលទាហានអាមេរិកតាំងនៅក្នុងប្រទេសអ៊ីរ៉ាក់។ ប៉ុន្តែមិនមានភ័ស្តុតាងបញ្ជាក់ថាព្រឹត្តិការណ៍ទាំងពីរនេះជាប់ទាក់ទងគ្នានោះទេ។

ជាធម្មតា ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិរបស់អាមេរិកមានតួនាទីចូលរួមការស៊ើបអង្កេតជាលក្ខណៈអន្ដរជាតិនានាដែលពាក់ព័ន្ធនឹងយន្តហោះប៊ូអ៊ីងដែលផលិតនៅអាមេរិក។ ប៉ុន្តែក្រុមប្រឹក្សានេះត្រូវតែធ្វើសកម្មភាពដោយមានការអនុញ្ញាតនិងស្របតាមច្បាប់របស់ប្រទេសបរទេសដែលពាក់ព័ន្ធ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation