កម្ពុជា-ម៉ាឡេស៊ី ព្រមព្រៀងគ្នា ក្នុងការជម្រុញឲ្យសម្រេចបាន MoU ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស     
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម អ៊ែលឌីន ហ៊ូសៃនី ម៉ូដហាស៊ីម (Eldeen Husaini Mohd Hashim) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅក្នុងជំនួបមួយ នាទីស្តីការក្រសួង បានប្តេជ្ញារួមគ្នា ធ្វើយ៉ាងណា ជម្រុញឲ្យសម្រេចបាន នូវការចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា (MoU) ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ពោលគឺដើម្បីការពារពលករកម្ពុជា ដែលកំពុងបម្រើការងារនៅម៉ាឡេស៊ី និងពលករម៉ាឡេស៊ី ដែលកំពុងបម្រើការងារនៅកម្ពុជា។

​  គួរជម្រាបថា MoU នេះ បានធ្វើមកតាំងពី​ឆ្នាំ២០១២មកម្ល៉េះ ប៉ុន្តែមិនទាន់បានចុះហត្ថលេខា ដោយសារការងារនេះ ត្រូវបានអូសបន្លាយពេល ព្រោះតែស្ថានភាពនយោបាយ របស់ប្រទេសទាំងពីរ និងមានការយឺតយ៉ាវ ពាក់ព័ន្ធមួយចំនួនទៀត។ MoU នេះ ត្រូវបានធ្វើឡើង ដោយសារកម្ពុជា មានបញ្ហាមួយចំនួន ជាមួយម៉ាឡេស៊ី ទាក់ទងទៅនិងកម្មករការងារផ្ទះ ដែលស្ត្រីកម្ពុជាមួយចំនួន ត្រូវបានគេរំលោភបំពាន​លើរាងកាយ ផ្លូវចិត្ត និងការកេងប្រវ័ញ្ច​ កម្លាំងពលកម្ម។ 

  ​នៅក្នុងជំនួបនេះ ទាំងលោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តមទូត បានពិភាក្សាទៅលើកិច្ចការនេះ ដោយបានឯកភាពគ្នា និងពន្លឿន ឲ្យមានការចុះហត្ថលេខាលើ MoU នេះ ​ដោយឯកឧត្តមទូតថា នឹងធ្វើការជាមួយនឹង ក្រសួងមហាផ្ទៃម៉ាឡេស៊ីបន្ថែមទៀត ដោយសារតែក្រសួង ជាអ្នកដែលទទួលខុសត្រូវ លើបញ្ហានេះ។ ​

  លោកជំទាវរដ្ឋមន្ត្រី បានសំណូមពរ ទៅឯកឧត្តមទូតម៉ាឡេស៊ី ឲ្យមានឆន្ទៈពិតប្រាកដ និងការប្ដេជ្ញាចិត្តខ្ពស់ នៅក្នុងការជំរុញ ការចុះហត្ថលេខា លើ MoU នេះ​ ដោយសារតែបច្ចុប្បន្ន មានក្រុមហ៊ុនម៉ាឡេស៊ី ចង់ជ្រើសរើសស្ត្រីជាកម្មករ បម្រើការងារតាមផ្ទះពីកម្ពុជា ប៉ុន្តែលោកជំទាវរដ្ឋមន្ត្រី សំណូមពរថា គួរមានការចុះ MoU ជាផ្លូវការសិន ​ចាំមកជ្រើសរើសជាក្រោយ ដើម្បីជាប្រយោជន៍ របស់ប្រទេសទាំងពីរ ព្រោះ MoU នេះ​ ពិតជាមានសារៈសំខាន់ណាស់ ដែលជួយទប់ស្កាត់ ​និង​ការពារ ដល់ជនរងគ្រោះ ពីការកេងប្រវ័ញ្ច​។

​  នៅក្នុងជំនួបនេះ ភាគីទាំង​ពីរ ក៏បានពិភាក្សាគ្នា អំពីគម្រោងដំណើរទស្សនកិច្ចផ្លូវការ របស់លោកជំទាវឧបនាយករដ្ឋមន្ត្រី ​ម៉ាឡេស៊ី ដែលជាស្ត្រីដំបូង គ្រោងនឹងមក​ស្វែងយល់ អំពីសមភាពយេនឌ័រ របស់កម្ពុជាផងដែរ។ ​ដំណើរទស្សនកិច្ច របស់ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់​កម្ពុជា គ្រោងនឹងធ្វើឡើង នៅខែវិច្ឆិកាឬខែធ្នូឆ្នាំនេះ​៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation