សម្តេចតេជោ ​ដាក់ចេញពាក្យស្លោកថ្មី ដើម្បីឲ្យអ្នកសារព័ត៌មាន ពង្រឹងវិជ្ជាជីវៈរបស់ខ្លួន គឺ «អ្នកសារព័ត៌មានកុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត»
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាល្ងាចថ្ងៃទី១៤ ខែមករានេះ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ជាង៥ពាន់នាក់ មកគ្រប់ស្ថាប័ន នៅក្នុងពិធីជួបជុំលើកទី៤ ជាមួយអ្នកសារព័ត៌មាន, ក្រៅពីការលើកឡើង អំពីការខិតខំប្រឹងប្រែង ក្នុងរយៈពេល១ឆ្នាំកន្លងទៅ ដែលអ្នកសារព័ត៌មាន បានចូលរួមចំណែក ក្នុងការអភិវឌ្ឍសង្គមជាតិនោះ ក៏បានលើកឡើង ពីការអន់ចិត្ត ដែលភាពអវិជ្ជមាន ​បានធ្វើឡើង ដោយអ្នកសារព័ត៌មានមួយចំនួនតូច ដោយបានផ្សព្វផ្សាយបំពាន ដល់អ្នកដទៃផងដែរ។

ភ្ជាប់ជាមួយចំណុចនេះ សម្តេចតេជោ បានដាក់ចេញនូវពាក្យស្លោកថ្មី ​ជាការដាស់តឿន ដល់អ្នកសារព័ត៌មានគ្រប់រូប ដើម្បីពង្រឹងវិជ្ជាជីវៈរបស់ខ្លួន កុំឲ្យប្រព្រឹត្តិអំពើផ្ទុយពីច្បាប់នោះគឺ «អ្នកសារព័ត៌មានកុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត»។ សម្តេចតេជោ បានបញ្ជាក់ថា​ សម្តេចមិនមានការបារម្ភទេ ចំពោះស្ថាប័នព័ត៌មានធំៗនោះទេ ពោលគឺពួកគេមានវិជ្ជាជីវៈ​ ប៉ុន្តែនៅតែមានសារព័ត៌មានមួយចំនួនតូច ដែលផ្សាយមិនមានវិជ្ជាជីវៈ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ក៏បានដាក់ចេញនូវអនុសាសន៍ ដើម្បីឲ្យ​អ្នកសារព័ត៌មាន ចូលរួមអនុវត្តផងដែរ នោះគឺ​អ្នកសារព័ត៌មានទាំងអស់ ត្រូវធ្វើបន្ត ​ចូលរួមក្នុងការរក្សាសន្តិភាព, ចូលរួមចំណែករក្សា ស្ថេរភាពនយោបាយ សុវត្ថិភាពសង្គម​ ចូលរួមអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងត្រូវចូលរួម ដើម្បីរក្សាម៉ាក្រូសេដ្ឋកិច្ច តាមរយៈការចូលរួមផ្សាយព័ត៌មានពិត ប្រឆាំងនឹង​ព័ត៌មានក្លែងក្លាយ។
 
ជាមួយគ្នានោះ, សម្ដេចតេជោ បានកោតសសើររដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអរគុណក្រុមហ៊ុននានា ដែលបានធ្វើជាអ្នកឧបត្ថម្ភកម្មវិធីព័ត៌មាន នៅតាមស្ថានីយវិទ្យុ និងទូរទស្សន៍ ក៏ដូចជាបណ្ដាលព័ត៌មានតាមអនឡាញ ដែលធ្វើ​ជាចំណែកមួយ នៃការជួយឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា មានលទ្ធភាពដើរទៅមុខ។

​សម្តេចតេជោ ​ជាថ្មីម្តងទៀត បានប្រកាសអំពាវនាវ ឲ្យវិស័យឯកជន ដែលមានការផ្សព្វផ្សាយពាណិជ្ជកម្ម សូមចូលរួមផ្សព្វផ្សាយ នៅក្នុងកម្មវិធី​ព័ត៌មាន ព្រោះកន្លងមក ឃើញថាការផ្សាយពាណិជ្ជកម្ម ភាគច្រើនផ្សព្វផ្សាយ តែទៅលើការកម្មវិធីកំសាន្ត និងខ្សែភាពយន្ត ប៉ុន្តែនៅក្នុងកម្មវិធីព័ត៌មាន មិនសូវមាន ​នៅទីនោះទេ ដែលធ្វើឲ្យក្រុមហ៊ុនទូរទស្សន៍ និងវិទ្យុមួយចំនួន មានការបង់ខាត។ ​សម្តេចតេជោ បានបញ្ជាក់ថា ការផ្សាយព័ត៌មា​ននេះ វាមានសារសំខាន់ណាស់ ជាពិសេសបានផ្ដល់នូវព័ត៌មាន សម្រាប់សាធារណជន ក៏ដូចជាការអប់រំចំពោះប្រជាជន​។

​ ក្រៅពីការណែនាំដល់អ្នកសារព័ត៌មាន, សម្តេចតេជោ ក៏បានណែនាំឲ្យគ្រប់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវមាន បណ្ដាញព័ត៌មានជាក់លាក់មួយ ដូចជាអ្នកនាំពាក្យ និងមានផេកហ្វេសប៊ុក សម្រាប់ផ្តល់ព័ត៌មានជាដើម។ សម្តេចសង្កត់ធ្ងន់ថា មន្ត្រីទាំងអស់ មិនត្រូវខ្លាចអ្នកសារព័ត៌មាន ហើយចាត់ទុកអ្នកសារព័ត៌មាន ជាសត្រូវនោះទេ ផ្ទុយទៅវិញ ត្រូវចាត់ទុកអ្នកសារព័ត៌មាន ​គឺជាដៃគូការងារ ដែលមិនអាចខ្វះ​៕
អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation