ក្រសួងការងារ ពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីបង្កើនឱកាសការងារ និង ផ្តល់អត្ថប្រយោជន៍បន្ថែមដល់កម្មករនិយោជិត បង្កើនសង្វាក់ផលិតកម្ម ទាក់ទាញដល់ការវិនិយោគ
| ព័ត៌មានជាតិ
SHARE


តំណាងកម្មករនិយោជិត សហជីព និយោជក សមាគមនិយោជក ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ តំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអ្នកជំនាញរបស់អង្គការអន្តរជាតិខាងការងារ (ILO) បានជួបពិភាក្សាគ្នា ដើម្បីផ្តល់យោបល់ជាធាតុចូលលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដែលមានអាយុជាង ២ទស្សវត្ស ឱ្យបន្តឆ្លើយតបនឹងការវិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមរបស់ប្រទេស។
ថ្លែងបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ នៅសណ្ឋាគារសាន់វេ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ស្របតាមវិធានការកែទម្រង់មុតស្រួចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសិក្សាលទ្ធភាពក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ឱ្យស្របតាមបរិបទសេដ្ឋកិច្ចនិងសង្គម។

វិសោធនកម្មច្បាប់ស្តីពីការងារ ក្រសួងបានសហការជាមួយអ្នកជំនាញរបស់អង្គការ ILO រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើកទី១ ដើម្បីពិភាក្សាអំពីលទ្ធភាពលើ ១ ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងាររបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានដំណើរការលើសពី ១វេនជាប្រចាំ ២ ការលុបការឈប់នៅថ្ងៃបន្ទាប់ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ ដូចដែលអនុវត្តចំពោះមន្ត្រីរាជការសាធារណៈទូទៅ និង៣ ពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលទទួលបានការទុកចិត្តពីគ្រប់ភាគី។

ចំណុចទាំង៣ ខាងលើនេះ ជាចំណុចអាទិភាព ដែលក្រុមការងារបានសិក្សានិងរៀបចំដាក់ជូនអង្គសិក្ខាសាលាពិនិត្យនិងពិភាក្សារួមគ្នា ដើម្បីទទួលបានការឯកភាពគ្នា ក្នុងការដាក់ចេញនូវដំណោះស្រាយកាន់តែល្អប្រសើរ ក្នុងការលើកកម្ពស់សិទ្ធិការងារនិងរក្សាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបន្តថា ក្រសួងការងារ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហការជាមួយដៃគូសង្គមនិងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានគោលបំណង បង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប ដូចជា រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារជាដើម ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋ ដើម្បីទទួលបានប្រាក់ចំណូលកាន់តែប្រសើរឡើង។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ បានបញ្ជាក់ ថា រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលធ្វើការលើសពី ១វេន ម្តងម្កាល គឺត្រូវ បន្តអនុវត្តបទប្បញ្ញត្តិដែលមានជាធរមាន។ អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation