ព័ត៌មានអន្តរជាតិ

ជប៉ុនរកឃើញជំងឺរលាកសួតអាថ៌កំបាំងមួយករណី

image

នៅថ្ងៃព្រហស្បតិ៍នេះជប៉ុនបានបញ្ជាក់ថាគេបានរកឃើញជំងឺរលាកសួតអាថ៌កំបាំងមួយករណីដែលនេះគឺជាជំងឺថ្មីមួយប្រភេទដែលបានកើតឡើងនៅក្នុងទីក្រុងវូហាន (Wuhan) ភាគកណ្តាលប្រទេសចិនកាលពីពេលថ្មីៗនេះ។ ក្រសួងសុខាភិបាលជប៉ុនបានប្រកាសថា បុរសវ័យប្រហែល៣០ឆ្នាំម្នាក់ត្រូវបានធ្វើតេស្តរកឃើញជំងឺរលាកសួតអាថ៌កំបាំងនេះបន្ទាប់ពីវិលត្រឡប់មកពីទីក្រុងវូហាន (Wuhan) វិញកាលពីថ្ងៃទី០៦ ខែមករា។

មន្ត្រីនាំពាក្យឲ្យរដ្ឋាភិបាលជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បាននិយាយថារដ្ឋាភិបាលកំពុងព្យាយាមយ៉ាងពេញទំហឹងក្នុងការប្រមូលព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងវីរុសនេះ។ មនុស្ស៤១នាក់នៅក្នុងទីក្រុងវូហាន (Wuhan) បានឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះដែលជាក្រុមនៃពពួកវីរុសដែលបណ្តាលឱ្យកើតជំងឺផ្តាសាយធម្មតានិងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដូចជាជំងឺសា (SARS) និងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា (MERS) ។

កាលពីថ្ងៃសៅរ៍ បុរសជនជាតិចិនវ័យ៦១ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសារឆ្លងជំងឺនេះក្នុងដំណាក់កាលធ្ងន់ធ្ងរ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា អ្នកដែលឆ្លងជំងឺនេះភាគច្រើនគឺជាអ្នកទៅធ្វើការឬទៅលេងផ្សារបោះដុំគ្រឿងសមុទ្រមួយកន្លែង៕