
គ្រូពេទ្យ និងគិលានុបដ្ឋាក ចំនួន៩០នាក់ មកពីមន្ទីរពេទ្យធំៗនៅកម្ពុជា ទទួលបានបទពិសោធន៍ថ្មីៗ ក្នុងវគ្គបណ្តុះបណ្តាល បច្ចេកទេសព្យាបាល និង ថែទាំ ផ្នែកប្រពោធនកម្ម

ភ្នំពេញ ៖ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ សិក្ខាកាមចំនួន៩០នាក់ មកពីមន្ទីរពេទ្យធំៗនៅកម្ពុជា បានចូលរួមក្នុងគម្រោង TITAN ដែលក្រុមការងារ របស់មន្ទីរពេទ្យ តាន់តុកសេង ប្រទេសសិង្ហបុរី និងមូលនិធីអន្តរជាតិតេម៉ាសែក គឺជាដៃគូរ ក្នុងកិច្ចសហការ ជាមួយមន្ទីរពេទ្យកាល់ម៉ែតរបស់កម្ពុជា បង្កើតគម្រោងនេះឡើង។
ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល បច្ចេកទេសព្យាបាល និង ថែទាំ ផ្នែកប្រពោធនកម្ម ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករានេះ ក្រោមអធិបតីភាព ឯកឧត្ដមឯកអគ្គរាជទូតសិង្ហបុរីប្រចាំកម្ពុជា, ទាំងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកវេជ្ជបណ្ឌិត ឆុង ឈិនទិត ប្រធានគម្រោង TITAN សុទ្ធតែបានលើកឡើង ពីសារៈសំខាន់ នៃវគ្គបណ្តុះបណ្តាលរយៈពេល២ឆ្នាំនេះ ដែលបានបញ្ចប់ដោយលទ្ធផលផ្លែផ្កា។
ឯកឧត្តមឈាង រ៉ា បន្តថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ឆ្នាំ ពោលគឺចាប់ផ្តើមឡើង តាំងពីឆ្នាំ២០១៧ និងបានបញ្ចប់ នៅឆ្នាំ២០១៩កន្លងទៅ។ គ្រូពេទ្យ និង គិលានុបដ្ឋាក ផ្នែកប្រពោធនកម្ម មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន-ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងសិក្ខាកាម មកពីមន្ទីរពេទ្យខេត្តព្រះសីហនុ កោះកុង និងសៀមរាប បានទទួលនូវការណែនាំ អនុវត្តន៍ និង បទពិសោធន៍ថ្មីៗ ក្នុងការដាក់ដំណើរការក្នុងផ្នែក និងការអនុវត្តន៍ផ្នែកបច្ចេកទេសថែទាំ ក៏ដូចជាផ្នែកទំនាក់ទំនង ជាមួយអ្នកជំងឺ និងគ្រួសារអ្នកជំងឺ។
សូមជម្រាបថា នេះមិនមែនជាគម្រោងទី១នោះទេ ដែលមន្ទីរពេទ្យ តាន់តុកសេង និងមូលនិធីអន្តរជាតិតេម៉ាសែក បានធ្វើកិច្ចសហការ ជាមួយមន្ទីរពេទ្យកាល់ម៉ែត។ ពោលគឺចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៧ គម្រោងដំបូង ឈ្មោះថាកម្មវិធី STAR ដែលផ្តោតលើជំនាញផ្នែករបួស និង ការជួយសង្រ្គោះឡើងវិញ ក៏បានបញ្ចប់ហើយដែរ ហើយភាគីទាំងបី សង្ឃឹមថា សហប្រតិបត្តិការណ៍ រវាងមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យតាន់ តុកសេង និងមូលនិធិតេម៉ាសែក នឹងនៅបន្តធ្វើឡើង ជាបន្តបន្ទាប់ទៀត ដើម្បីរួមគ្នា លើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា៕ អត្ថបទ ៖ សន ពិសិដ្ឋ
