ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន ជូនពរអោយចំណងមិត្តភាព រវាងកម្ពុជា និងជប៉ុន កាន់តែស្អិតរមួតរឹងមាំថែមទៀត
| ព័ត៌មានជាតិ
SHARE

 ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យ លោកជំទាវ អូប៉ូជី ជីហ្សូកុ (Obuchi Chizuko) ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុនអូប៊ូជី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

 បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា លោកជំទាវអូប៊ូជី បានគោរពជម្រាបជូន សម្ដេចតេជោថា លោកជំទាវ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកធ្វើទស្សនកិច្ច នៅកម្ពុជា ក្នុងខួប២០ឆ្នាំ បន្ទាប់ពីលោកជំទាវ និងស្វាមី បានមកកាន់កម្ពុជា កាលពី២០ឆ្នាំមុន។ លោកជំទាវ បានថ្លែងអំណរគុណ ជូនសម្ដេចតេជោ ដែលតំណាងឱ្យព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់នូវគ្រឿងឥស្សរិយយស ជូនលោកជំទាវ។ 

 លោកជំទាវ បានមានប្រសាសន៍ថា លោកជំទាវមានការចងចាំយ៉ាងរស់រវើក អំពីដំណើរទស្សនកិច្ចរបស់លោកជំទាវ ទៅកាន់ អង្គការ CMAC កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមីរបស់លោកជំទាវ ហើយក្នុងដំណើរទស្សនកិច្ចលើកនេះ ក៏បានទៅធ្វើទស្សនកិច្ច នៅ CMAC ផងដែរ។  លោកជំទាវ បានកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាផង ដំណើរទស្សនកិច្ចទៅស៊ីម៉ាក់ផង លោកជំទាវបានកត់សម្គាល់ឃើញថា កម្ពុជា បានទទួលនូវសុខសន្តិភាពពិតប្រាកដ ហើយជាងនេះទៀត ប្រជាជនកម្ពុជា មានទឹកមុខស្រស់ស្រាយនិងរស់រវើក។ លោកជំទាវ បានមានប្រសាសន៍ថា នេះគឺជាជោគជ័យដ៏ពិតប្រាកដ ដ៏ធំធេងរបស់កម្ពុជា។ ក្នុងន័យនេះដែរ លោកជំទាវ និងប្រតិភូបានជូនពរ អោយចំណងមិត្តភាព រវាងកម្ពុជានិងជប៉ុន កាន់តែស្អិតរមួតរឹងមាំថែមទៀត។ 

 លោកជំទាវ ក៏បានគោរពជូនពរសម្ដេចតេជោផងដែរ សូមឱ្យបារមីដ៏សាកសិទ្ធ ជួយដល់មាតាក្មេករបស់សម្ដេចតេជោ ក៏ដូចជាមាតាបង្កើត របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានជាសះស្បើយ យ៉ាងឆាប់រហ័សនាពេលខាងមុខនេះ ។

 ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូន ចំពោះលោកជំទាវ និងប្រតិភូ ដែលបានជូនពរឱ្យមាតាក្មេក បានជាសះស្បើយឆាប់ៗ នៅពេលខាងមុខ។ ក្នុងនេះដែរសម្ដេចតេជោ ក៏បានលើកឡើង ពីអតីតកាលដែលនៅពេលនោះ ឯកឧត្តមអូប៊ូជី បានមកទស្សនកិច្ចនៅកម្ពុជា ហើយក្នុងទស្សនកិច្ចនោះផងដែរ មានតែឯកឧត្តមអូប៊ូជីនិងលោកជំទាវទេ ដែលជាជនជាតិបរទេ បានធ្វើទស្សនកិច្ច ទៅមើលសកម្មភាពដោះមីន និងអង្គការស៊ីម៉ាក់ ហើយមានតែឯកឧត្តម អូប៊ូជី ទេ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហាដោះមីននេះ។  

 សម្ដេចតេជោ ក៏បានរំឭកអំពីអតីតកាលផងដែរ នោះគឺឯកឧត្តមអូប៊ូជី រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់កម្ពុជា ឱ្យមានការបោះឆ្នោត នៅឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជា មានជម្លោះប្រដាប់អាវុធ នៅឆ្នាំ១៩៩៧។ សម្ដេចបន្តថា ឯកឧត្តម អូប៊ូជី ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រ មកកាន់កម្ពុជា ដោយនាយករដ្ឋមន្ត្រីជប៉ុនទី១ បានមកកម្ពុជា នៅទសវត្សរ៍៥០ ហើយបន្ទាប់មក ឯកឧត្តមអូប៊ូជី ដែលបានមកកាន់កម្ពុជា កាលពី២០ឆ្នាំមុន។ នៅក្នុង ដំណាក់កាលរបស់ឯកឧត្ដម អូប៊ូជី ជានាយករដ្ឋមន្ត្រី ឯកឧត្តម បានជួយដល់កម្ពុជាជាច្រើន ជាពិសេសក្នុងការជំរុញ ឲ្យមានការផ្ដល់ថវិកាទ្រទ្រង់ដល់កម្ពុជា គឺឯកឧត្តមជាអ្នកសម្រេច និងជាអ្នកប្រកាស នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation