សម្ដេចតេជោ ​​លើកទឹកចិត្តជប៉ុន ឲ្យ​សិក្សា​លើការប្រើប្រាស់ការទូទាត់ប្រាក់ ​តាមប្រព័ន្ធឌីជីថល​ ឲ្យមានដំណើរការប្រសើរ និងសុក្រឹត្យភាព នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

 ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០​នេះ បានអនុញ្ញាត​ ឯកឧត្តមយ៉ាម៉ាម៉ូតុ កូហ្សូ (Yamamoto Kozo) សមាជិកសភាជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

 បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា ​ឯកឧត្តម យ៉ាម៉ាម៉ូតុ​ បានគោរពជម្រាបជូន សម្ដេចតេជោថា ឯកឧត្តមបានជួបជាមួយសម្តេចតេជោ កាលពីឆ្នាំ២០០៧ ហើយឯកឧត្តម ពិនិត្យឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សបំផុត។ 

 ឯកឧត្តមបន្ថែមថា ដំណើរទស្សនកិច្ច មកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ ១.គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍន៍ប្លុកឆេន (ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល) នៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេន នៅកម្ពុជានេះ ឯកឧត្តមបានបញ្ជាក់ថា បើសិនដាក់ឲ្យដំណើរការ រួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយ ដែលដាក់ចេញឲ្យប្រើប្រាស់ នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។ គោលដៅទី២ គឺឯកឧត្តម មកធ្វើការសិក្សា អំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅទីក្រុងភ្នំពេញ។ ឯកឧត្តម ក៏បានស្នើអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ​ នៅបញ្ហាទាំងពីរខាងលើ។

 ជាការឆ្លើយតប សម្ដេចតេជោ ​បានលើកទឹកចិត្តឯកឧត្តម មកធ្វើការសិក្សា ទៅលើការប្រើប្រាស់ការទូទាត់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេន ដើម្បីឱ្យការទូទាត់ តាមប្រព័ន្ធឌីជីថលនេះ ឲ្យមានដំណើរការប្រសើរ និងសុក្រឹត្យភាព នៅកម្ពុជា។ ពាក់ព័ន្ធជាមួយនឹង បញ្ហាទឹកស្អាត សម្ដេចតេជោ​ មានប្រសាសន៍ថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាត ឲ្យបានច្រើន ដោយសារតែរាជធានីភ្នំពេញ កាន់តែរីកធំឡើងជាលំដាប់ពី ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់​ជាង៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែង មានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងទទួលផ្គត់ផ្គង់ទឹក ទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្ដាលផងដែរ។ 

 សម្ដេចតេជោបានបញ្ជាក់ថា ការងារចំនួន២ដែលត្រូវធ្វើ ទី១. គឺត្រូវពង្រីកនូវសមត្ថភាព ការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋ ប្រើប្រាស់កាន់តែទូលំទូលាយ និង ទី២. គឺធ្វើយ៉ាងណា ពង្រីកបណ្ដាញចែកចាយ ទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation