ព័ត៌មានជាតិ

អគ្គស្នងការរងនគរបាលជាតិដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដោយ កម្លាំងនាយកដ្ឋានជំនាញពាក់ព័ន្ធ បង្ការនិងទប់ស្កាត់កុំឲ្យបទល្មើសកើតមាន

image

អគ្គស្នងការរងនគរបាលជាតិដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដោយ កម្លាំងនាយកដ្ឋានជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាបង្ការ ទប់ស្កាត់កុំឲ្យបទល្មើសកើតមាន ហើយប្រសិនបើបទល្មើសកើតឡើងរួចហើយ ត្រូវតែរួមគ្នាបង្ក្រាបឲ្យខាងតែបាន សំដៅកាត់បន្ថយបទល្មើសក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិមានប្រសាសន៍ជំរុញក្នុងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃសភាពការណ៍បទល្មើសលួច ឆក់ នៅរាជធានីភ្នំពេញ ប្រចាំខែធ្នូ ឆ្នាំ២០១៩ និងលើកទិសដៅបន្ដនៅ ព្រឹកថ្ងៃទី១៧ មករានេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ក្នុងកិច្ចប្រជុំក៏បានបញ្ជាឲ្យពង្រឹង និងជំរុញការងារគ្រប់គ្រងមុខសញ្ញា និងនីតិវិធីកសាងសំណុំរឿង ដើម្បីមានភស្ដុតាង រឹងមាំដាក់បន្ទុក ផ្តន្ទាទោសឲ្យបានកម្រិតខ្ពស់ (បទឧក្រិដ្ឋ) ស្របតាមក្រមព្រហ្មទណ្ឌនិងពិនិត្យឡើងវិញករណីមុខសញ្ញាឆក់ ដែលត្រូវបានដោះលែង ហើយធ្វើសកម្មភាពឡើងវិញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំមានវិធានការបន្ដ និងបន្ដស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីសេសសល់។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាប្រធានលេខាធិការដ្ឋានបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួចឆក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បទល្មើសជារួមកើតឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅ មានចំនួន៥៦ករណី កើន២ករណី ក្នុងនោះបទលួច២៧ករណី និងបទឆក់២៩ករណី។ លោកបន្ថែមអោយដឹងថាដោយមានការសហការគ្រប់អង្គភាពទាំងអស់ បានចូលរួមបង្ក្រាប ចំនួនសរុប៤១ករណី ចាប់ជនសង្ស័យ៥២នាក់ ក្នុងនោះជនសង្ស័យបង្ក្រាបបានក្រោយធ្វើតេស្ដធ្លាប់ប្រើសារធាតុញៀន មាន៤៨នាក់ ស្មើនឹង៩២ភាគរយ។

គួបញ្ជាក់ថាកិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីប្រធាននាយកដ្ឋានពាក់ព័ន្ធ, អនុប្រធាននាយកដ្ឋាន, ស្នងការរងនគរបាលរាជធានីភ្នំពេញ, នាយការិយាល័យ នៃនាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការខណ្ឌទាំង១៤ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕
អត្ថបទ​៖ម៉ៅ នរិទ្ធិយ៉ា​