ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត និងអាជ្ញាធរខេត្តកំពង់ចាមសម្ពោធផ្លូវក្រាលក្រួសក្រហម ប្រវែង៦០០០ម៉ែត្រ ក្នុងស្រុកជើងព្រៃ

image

កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមទាំង ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលនៃគណៈ អភិបាល ខេត្តកំពង់ចាម រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវលំក្រាលគ្រួសក្រហម០១ខ្សែ ប្រវែង ៦០០០ ម៉ែត្រ ស្ថិតនៅ ក្នុងភូមិអារក្ស និងភូមិគោគបាក់  ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម  នាព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។

នៅក្នុងពិធីសម្ពោធផ្លូវប្រវែង៦០០ម៉ែត្រខាងលើនេះដែរ ឯកឧត្ដម  អ៊ុន  ចាន់ដា  បានបញ្ជាក់ថា  កាលពីមុនផ្លូវលំបាក បងប្អូនកម្មករកម្មការិនី  ត្រូវជួលផ្ទះគេនៅ  តែពេលនេះផ្លូវ ល្អគឺគាត់ទៅធ្វើការហើយត្រឡប់ទៅផ្ទះវិញពេលល្ងាច។ ដូចអនុសាសន៍ របស់សម្តេច អគ្គមហាសេនាបតីតេជោ  ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ  ថាមានផ្លូវគឺមាន សង្ឃឹម ចំពោះការអភិវឌ្ឍន៍ រីកចម្រើន ដូចជាការកសាងផ្លូវនេះ ឡើងវិញបានក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព  ដូច្នេះសូមឲ្យបងប្អូន ប្រជាពលរដ្ឋយើងចូលរួមការពារ សន្តិភាពនេះឲ្យបានគង់វង្សដើម្បីបន្តការអភិវឌ្ឍន៍។ 

អភិបាលខេត្តកំពង់ចាមបានបញ្ជាក់ទៀតថា ដោយមើលឃើញនូវភាពលំបាកក្នុងការធ្វើដំណើរឯកឧត្តម ហ៊ុន ម៉ាណែត បានទទួលយកសំណើរនិងផ្តួចផ្តើម ជួសជុលកសាងពង្រីកផ្លូវបន្ថែមដែលមានទំហំទទឹង ៦ម៉ែត្រ បណ្តោយ ៦០០០ម៉ែត្រ  និងមានដាំកូនក្ងោកអមតាមដងផ្លូវ ចំនួន ២០០០ដើម  បង្ករឲ្យមានការងាយស្រួលសម្រាប់បងប្អូន ប្រជាពលរដ្ឋ ពង្រីកមុខរបរបន្ថែម ក្នុងការលក់ដូរ រត់តាក់ស៊ី ទិញឡានដឹកអ្នករោងចក្រ ចំពោះកូនសិស្សធ្វើដំណើរទៅមកសាលាក៏មានភាពរីករាយ ដោយបានផ្លូវធំទូលាយ  ចំណែក អ្នកធ្វើដំណើរចេញចូលមិនដាច់ ហើយប្រជាពលរដ្ឋអាចលក់កសិផលបានថ្លៃជាងមុន ថែមទាំងមានបណ្តាញអគ្គិសនីតចូលតាមផ្ទះនីមួយៗផងដែរ។ 

ឯកឧត្ដម អ៊ុន ចាន់ដា បានបន្តថា  ផ្លូវ១ខ្សែនេះជាសមិទ្ធផលរបស់បងប្អូនហើយ  ដូច្នេះសូមឲ្យមានការចូលរួមថែរក្សាផង  ដើម្បីជាប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែង  ដោយ ផ្លូវស្រួលហើយ ការបើកបរត្រូវ ប្រុងប្រយ័ត្នផង  ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។

បើយោងតាមរបាយការណ៍របស់អភិបាលស្រុកជើងព្រៃលោក អួត ឈាងលី បានឲ្យដឹងថា ផ្លូវនេះត្រូវបានចាប់សាងសង់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ គឺជាការចាប់ផ្តើមត្រាស់សេ ទៅតាមបច្ចេកទេស និងបានបញ្ចប់ការជួសជុល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ជាប្រភេទផ្លូវក្រាលក្រួស ក្រហម មានប្រវែង៦០០០ម៉ែត្រ។ លោកបានបន្តថា នេះជាកាយកចិត្តទុកដាក់របស់ក្រុមយុវជនថ្នាក់កណ្តាលក្រុមទី៨ ហើយបានបញ្ជូនកូនឈើក្ងោកយកមកដាំតាមដងផ្លូវប្រវែង៦០០០ម៉ែត្រ កូនឈើក្ងោកចំនួន២០០០កូនផងដែរ៕ដោយ៖ ហ៊ាង ថាច