ព័ត៌មានជាតិ

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្នើឲ្យកងទ័ពជើងទឹក ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន លើគ្រប់បទល្មើសខុសច្បាប់ ដោយមិនគ្រាន់តែ បង់ប្រាក់ផាកពិន័យ ហើយឲ្យរួចខ្លួននោះទេ

image

ភ្នំពេញ៖ ថ្លែងបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារ កងទ័ពជើងទឹកឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក នាព្រឹកថ្ងៃទី២០ ខែមករានេះ, ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ របស់កងទ័ពជើងទឹក ដែលខិតខំសម្រេចបាន ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់។

ឯកឧត្តម បានលើកឡើងថា បើទោះបីការងារយើងប្រឈមនូវឧបសគ្គជាច្រើន ប៉ុន្តែដោយសារតែកងទ័ពរបស់យើង មានឆន្ទៈនិងស្មារតីស្នេហាជាតិ បានព្រឹកប្រឹងប្រែងបំពេញភារកិច្ច ដែលលះបង់នូវកម្លាំងកាយស្មារតីខ្ពស់ ក្នុងការការពារបូរណភាពទឹកដី ដែនកោះនិងឆ្នេរ មិនឲ្យមានការរំលោភបំពាន ពីបរទេសមកលើអធិបតេយ្យភាពជាតិ ការពារមិនឱ្យមានបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែន ចូលមកទឹកដីកម្ពុជាតាមដែនទឹក ទប់ស្កាត់នូវបទល្មើសនេសាទខុសច្បាប់ ដើម្បីការពារធនធានធម្មជាតិរបស់ប្រទេសយើង ឲ្យបានគង់វង្ស។

ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរ ចំពោះកងទ័ពជើងទឹក ដែលបានធ្វើប្រតិបត្តិការបង្ក្រាបទាន់ពេលវេលា ចំពោះបទល្មើសនេសាទ ខុសច្បាប់ថ្មីៗនេះ ដោយឯកឧត្តមបានស្នើឱ្យចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន គឺមិនគ្រាន់តែ អនុវត្តវិន័យឬក៏បង់ប្រាក់ផាកពិន័យ ហើយឲ្យរួចខ្លួននោះទេ។ ឯកឧត្តម ក៏បានថ្លែងការកោតសរសើរ ចំពោះកងកម្លាំងកងទ័ពជើងទឹកទាំងអស់ផងដែរ ក្រៅពីកិច្ចការស្នូល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី, កងទ័ពជើងទឹក បានចូលរួមជួយដល់កិច្ចការសង្គមយ៉ាងច្រើន ជាពិសេសក្នុងប្រតិបត្តិការ ជួយសង្គ្រោះជនរងគ្រោះ ដែលបាក់រលំអាគារ ទាំងនៅក្រុងព្រះសីហនុ និងនៅខេត្តកែបថ្មីៗនេះ។

ឯកឧត្តម ក៏បានស្នើឱ្យបញ្ជាការដ្ឋានកងទ័ពជើងទឹក ត្រូវឲ្យយកចិត្តទុកដាក់ ពង្រឹងទៅលើការហ្វឹកហ្វឺនបណ្ដុះបណ្ដាល ចំណេះដឹង ដល់កងទ័ពឲ្យបានប្រសើរថែមទៀត ដើម្បីពង្រឹងសមត្ថភាព ក្នុងការការពារខឿនឯករាជ្យជាតិ និងបូរណភាពទឹកដី ឲ្យបានកាន់តែរឹងមាំ។

បើតាមប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលសមុទ្រ បានឲ្យដឹងថា ដោយរាជរដ្ឋាភិបាលកម្ពុជា មានការដឹកនាំយ៉ាងយកចិត្តទុកដាក់ បានជម្រុញលើកទឹកចិត្ត ធ្វើឲ្យនាយនាវី នាយនាវីរង និងពលនាវិក ភ្ញាក់រលឹក ចូលរួមអនុវត្តតួនាទីភារកិច្ច សម្រេចបានលទ្ធផលសំខាន់ៗ គួរជាទីមោទនៈ ដែលជាអាទិ៍៖ ដោយការដឹកជញ្ជូន តាមផ្លូវសមុទ្រ នៅតែជាវិស័យអាទិភាពសំខាន់ចាំបាច់ សម្រាប់តំបន់និងពិភពលោកទាំងមូល និងដោយសមុទ្រកម្ពុជា គឺជាច្រកចេញ-ចូល នៃពាណិជ្ជកម្មជាមួយនិង ប្រជាជាតិ ជុំវិញពិភពលោក ហើយកោះ-ឆ្នេរ ទាំងឡាយគឺជាគោលដៅសេដ្ឋកិច្ច និងជាតំបន់ទាក់ទាញវិនិយោគ ភោគផលធម្មជាតិជាច្រើន នៅសមុទ្រជាប្រយោជន៍ ដ៏មានតម្លៃ សម្រាប់ខឿនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ទៀ វិញ បញ្ជាក់ថា ឆ្នាំ២០១៩ ក៏ដូចជាបណ្តាឆ្នាំមុនៗដែរ កងទ័ពជើងទឹក បានបន្តយកចិត្តទុកដាក់ បង្កើនការងារហ្វឹកហ្វឺន អប់រំ នយោបាយ សតិអារម្មណ៍ ដល់យោធិនគ្រប់រូប ក្នុងគោលបំណង ដើម្បីពង្រឹងមនសិកាស្នេហាជាតិ ស្មារតីភ្ញាក់រលឹក គោរពបទវិន័យ បទបញ្ជា ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារភាពសុខដុមរមនារបស់ប្រជាជន ព្រមទាំងចូលរួមចំណែក ដល់ការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទ និងសង្គមជាតិ។ ទន្ទឹមនេះ បានយកចិត្តទុកដាក់ ការងារហ្វឹកហ្វឺនជំនាញជួយសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗដើម្បីបង្កើនសមត្ថភាព ឲ្យដល់កម្លាំងអន្តរាគមន៍ជួយសង្គ្រោះ របស់អង្គភាព ថែមមួយកម្រិតទៀត៕អត្ថបទ ៖ សន ពិសិដ្ឋ


ព័ត៌មានទាក់ទង...