ឯកឧត្តម ហ៊ុន ម៉ាណែត ៖ចក្ខុវិស័យ និងទិសដៅច្បាស់លាស់ជាគន្លឹះជោគជ័យរបស់សមាគមយុវជនក្រុម៨
(ភ្នំពេញ) ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរខួប ១០ ឆ្នាំ របស់សមាគមយុវជនក្រុម៨ ដែលបានប្រារព្ធឡើង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។
មានប្រសាសន៍នាឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការចូលរួមអបអរសាទរចំពោះខួប ១០ ឆ្នាំ នៃការបង្កើតសមាគមយុវជនក្រុម ៨ ដែលជា ១០ ឆ្នាំពោរពេញទៅដោយសមិទ្ធិផល និងសកម្មភាពជាច្រើន និងសូមកោតសរសើរដល់បងប្អូនយុវជនសមាជិក សមាជិកា ក្រុម ៨ ទាំងអស់ ដែលបានចូលរួមជួយជំរុញចក្ខុវិស័យរបស់ សមាគមយុវជនក្រុម ៨ ឱ្យទៅជាសកម្មភាពការងារជាក់ស្តែងក្នុងការចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យមានជីវភាព រស់នៅល្អប្រសើរ និងកាន់តែរីកម្រើន។
ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា មិនមែនជាការងាយស្រួលសោះឡើយ ក្នុងការផ្ទេរគំនិតឱ្យទៅជាសកម្មភាព ហើយធ្វើឱ្យជោគជ័យ។ អ្វីៗត្រូវចាប់ផ្តើមពីការមានគំនិត ដែលអាចងាយនឹងផុសឡើង ប៉ុន្តែការលំបាក គឺការប្រែក្លាយ គំនិតនេះ ឱ្យទៅជាសកម្មភាព, ធ្វើឱ្យសកម្មភាពនេះដំណើរការទៅមុខ, និងទទួលបានការរីកចម្រើនជោគជ័យ ដោយរក្សាបាននិរន្តភាពយូរអង្វែង។ ទាំងនេះ គឺទាមទារឱ្យមានចក្ខុវិស័យរួម, ឆន្ទៈរួម, ការសាមគ្គីគ្នាដោយផ្អែកលើគោលដៅ រួម ហើយនីតិវិធីក្នុងការអនុវត្ត យើងអាចកែសម្រួលជាប្រចាំឱ្យសមស្រប និងឱ្យចំគោលដៅ។
ឯកឧត្តម ហ៊ុន ម៉ាណែត ចាត់ទុកថា គន្លឹះជោគជ័យរបស់សមាគមយុវជនក្រុម ៨ ក៏មិនខុសពីកត្តាជោគជ័យរបស់ក្រុមហ៊ុន, សាលារៀន, សា្ថប័នរដ្ឋ ឬកងទ័ពឡើយ សំខាន់ គឺត្រូវមានចក្ខុវិស័យ និងទិសដៅច្បាស់លាស់។ មានចក្ខុវិស័យត្រឹមត្រូវ ទើបអាចកៀរគរអ្នកដែលមានទស្សនៈដូចគ្នាមកចូលរួមបាន។ ចក្ខុវិស័យជាកត្តាកំណត់ទាញឱ្យមានការគាំទ្រ, ការចូលរួម និងសកម្មភាពច្រើន។ ជាក់ស្តែងសមាគមបានចាប់ផ្តើមតាំងពីសមាជិក ៩ នាក់ មកទល់ថ្ងៃនេះ មានសមាជិកកើនដល់ជិត ២០០ រយនាក់ ហើយក្នុងនោះបានធ្វើសកម្មភាពប្រកបដោយស្មារតីលះបង់ខ្ពស់ និងបានចូលរួមបរិច្ចាគកម្លាំងកាយចិត្ត និងធនធានថវិកាផ្ទាល់ខ្លួន ជួយដល់ប្រជាពលរដ្ឋបានរាប់ពាន់រាប់ម៉ឺននាក់។ ការចាប់ផ្តើមពីតូច ប៉ុន្តែពុះពាររក្សាសកម្មភាព ការងារឱ្យបានដូចភ្លៀងរលឹមនេះ បានចូលរួមចំណែកសំខាន់ណាស់ ក្នុងការរក្សា និងជួយជំរុញទស្សនវិស័យឱ្យមាន និរន្តរភាព ដោយមិនចប់ត្រឹមជំនាន់យើងនេះទេ គឺត្រូវកសាងយន្តការ និងពង្រឹងប្រព័ន្ធការងារ ដើម្បីបន្តវេនឱ្យអ្នកជំនាន់ក្រោយៗទៀតផងដែរ។
ជាថ្មីម្តងទៀត ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរស្មារតីនៃកិច្ចខិតខំប្រឹងប្រែងទាំងឡាយកន្លងមក របស់សមាគមយុវជនក្រុម ៨ ដែលតែងនៅជាមួយប្រជាពលរដ្ឋជាប់ជាប្រចាំ និងសូមលើកទឹកចិត្តឱ្យបន្តបន្តចក្ខុវិស័យនេះ បន្តសកម្មភាពនេះ និងបន្តស្មារតីនេះទៅមុខឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជួយសង្គមជាតិយើង។
ស្របជាមួយនឹងភាពជោគជ័យរបស់សមាគមយុវជនក្រុម ៨ នេះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា នៅគ្រប់ប្រទេសលើសាកលលោក អង្គការ-សមាគម មានតួនាទីជួយបំពេញបន្ថែមដល់ ការងាររបស់រដ្ឋាភិបាល ដែលតែងប្រឈមនឹងការលំបាកក្នុងការបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ទាំងអស់។
យ៉ាងណាក៏ដោយ អង្គការ-សមាគម ក៏មិនអាចដើរតួនាទីជំនួសរដ្ឋាភិបាលបានដែរ ដោយរដ្ឋាភិបាលត្រូវដើរតួនាទី សំខាន់ក្នុងគិតគូរវិនិយោគលើការអភិវឌ្ឍរយៈពេលវែងសម្រាប់ប្រជាជន។ ដូច្នេះ វាជាកិច្ចការសំខាន់ផងដែរ ដែលអង្គការ-សមាគមអាចចូលរួមបំពេញបន្ថែមជាមួយរដ្ឋាភិបាល ជួយដោះស្រាយការលំបាកបន្ទាន់ចំពោះមុខពិតប្រាកដរបស់ប្រជាជន និងបន្តគិតគូរអំពីអនាគតរយៈពេលវែងជូនពួកគាត់។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានខិតខំណាស់ ក្នុងការកៀរគរលើកទឹកចិត្តឱ្យអង្គការ-សមាគមទាំងក្នុង និងក្រៅ ចូលរួមជាយន្តការជួយដល់ប្រជាពលរដ្ឋយើង ដោយគ្មានការរើសអើង ពីព្រោះគោលបំណងដ៏ធំបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺដឹកនាំប្រទេសចង់ឱ្យ ប្រជាពលរដ្ឋមានមានជីវភាពរស់នៅល្អប្រសើរ, ប្រទេសជាតិមានសន្តិភាពចៀសផុតពីទុក្ខវេនា, មានចំណេះដឹង, មានការងារធ្វើ និងមានអនាគតល្អរុងរឿង៕ដោយ៖អោម ចែតច័ន្ទណារ៉ា