វិមានក្រឹមឡាំង៖ ទំនាក់ទំនងរុស្ស៊ី-អាម៉េរិក កំពុងអភិវឌ្ឍបានយ៉ាងល្អ ទោះបីជារដ្ឋបាលចាស់ធ្វើឱ្យខ្ទេចខ្ទាំក៏ដោយ

រុស្ស៊ី៖ វិមានក្រឹមឡាំងរបស់រដ្ឋាភិបាលរុស្ស៊ី បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាម៉េរិក កំពុងតែអភិវឌ្ឍទៅមុខបានយ៉ាងល្អប្រសើរ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋធានីមូស្គូបានរម្លឹកឡើងវិញថា ទំនាក់ទំនងនេះ ធ្លាប់ទទួលរងនូវការខូចខាតយ៉ាងខ្ទេចខ្ទាំ ក្នុងអំឡុងរដ្ឋបាលចាស់របស់សហរដ្ឋអាម៉េរិក។
ក្នុងនោះ មន្ត្រីរបស់រុស្ស៊ី បានបញ្ជាក់ផងដែរថា ការស្ដារនូវទំនាក់ទំនងឱ្យល្អប្រសើរទាំងស្រុងវិញ ពិតជាមិនមានភាពងាយស្រួលនោះទេ។ ស្ថិតនៅក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កួវ (Dmitry Peskov) បានលើកឡើងថា អ្វីៗនៅពេលនេះ កំពុងតែដំណើរការទៅមុខជាវិជ្ជមាន ។
អ្នកនាំពាក្យរូបនេះ បានរៀបរាប់ជាបន្តទៀតថា «ជាការពិតណាស់ ការកសាងទំនាក់ទំនងឡើងវិញដោយចាប់ផ្ដើមពីចំណុចដំបូង គឺជាកិច្ចការដ៏លំបាកមួយ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត, កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗបន្ថែមទៀតរវាងភាគីទាំងពីរ (រុស្ស៊ី-សហរដ្ឋអាម៉េរិក)» ។
លោកឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានលើកឡើងដោយសង្ខេបបន្តិចទៀតថា «ដំណើរការទាំងមូលដើម្បីបន្ថែមការជឿទុកចិត្តគ្នា គឺចាប់ផ្ដើមចេញពីជំហានតួចៗ ហើយបើទោះបីជាតិចតួចក៏ដោយ ប៉ុន្តែវាអាចពង្រឹងការជឿទុកចិត្តគ្នាបាន។ ទំនាក់ទំនងទាំងនេះ ធ្វើឡើងតាមរយៈក្រសួងការបរទេសនៃប្រទេសទាំងពីរ» ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Economic Times/ Daily Mail on MSN
រូបភាព៖ Various Sources



