ព័ត៌មានអន្តរជាតិ

ទឹកជំនន់ខែប្រាំងចំថ្ងៃចូលឆ្នាំថ្មី វាយប្រហារភូមិចំនួន២ក្នុងខេត្តឡាំភុន ប្រទេសថៃ ស្លាប់មនុស្ស២នាក់ និងខូចខាតផ្ទះសម្បែងមួយចំនួន

image


ថៃឡង់ដ៍៖ យោងតាមការចុះផ្សាយដោយសារព័ត៌មានខោវសូដ (Khaosod) របស់ថៃឡង់ដ៍ បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា មានភ្លៀងបង្អុរធ្លាក់យ៉ាងខ្លាំងក្លា និងបង្កជាជំនន់ទឹកភ្លៀង វាយប្រហារភូមិហយហុមណុក (Huay Hom Nok), ឃុំថាមេលប់ (Tha Mae Lop), ស្រុកម៉ែថា (Mae Tha), ខេត្តឡាំភុន (Lam Phun) ប្រទេសថៃ ។

ទឹកជំនន់ដ៏ខ្លាំងក្លានេះ បានបំផ្លិចបំផ្លាញផ្ទះសម្បែង, យានជំនិះ, ដើមឈើ និងឆក់យកអាយុជីវិតសត្វពាហហៈរបស់អ្នកស្រុកថែមទៀតផង ជាពិសេសសត្វគោ។ លើសពីនេះ ក៏មានសេចក្ដីរាយការណ៍ដែរថា មនុស្ស២នាក់ស្លាប់ នៅក្នុងឧបទ្ទវហេតុគ្រោះទឹកជំនន់ថ្ងៃចូលឆ្នាំថ្មីខាងលើនេះ ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ អាជ្ញាធរ បានចុះទៅកាន់តំបន់រងគ្រោះភ្លាមៗ ដើម្បីផ្ដល់ជំនួយដល់អ្នកស្រុក និងចាប់ផ្ដើមត្រួតពិនិត្យថា តើមានការខូចខាតប៉ុន្មានខ្លះ។ ទន្ទឹមនឹងនោះ មន្ត្រីបានរកឃើញថា មានផ្ទះចំនួន៦ខ្នងត្រូវទឹកជំនន់បំផ្លាញទាំងស្រុង។ ជុំវិញសេចក្ដីរាយការណ៍ក្រៅផ្លូវការមួយផ្សេងទៀត បានអះអាងថា ផ្ទះចំនួន៣ខ្នងនៅឯភូមិហយហុមណៃ (Huay Hom Nai) (ឬភូមិលេខ៥) ដែលជាភូមិមួយផ្សេងទៀតនោះ ក៏រងនូវការខូចខាតផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព/ រូបភាព៖ Khaosod English