សង្គម

អ្នកទេសចរជិត៨ម៉ឺននាក់ ដើរលេងកម្សាន្ត អបអរសាទរឆ្នាំថ្មី នាថ្ងៃទី១ សង្ក្រាន្តត្បូងឃ្មុំ

image


ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរយ៉ាងច្រើនកុះករ បាននាំគ្នាសម្រុកមកលេងកម្សាន្តនៅ "សង្ក្រាន្តត្បូងឃ្មុំ" និងតំបន់ទេសចរណ៍នានាទូទាំងខេត្តត្បូងឃ្មុំ សរុបប្រមាណ ៧៨.៣៦៥នាក់។ នេះបើយោងតាមរបាយការណ៍របស់ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។

របាយការណ៍ឱ្យដឹងថា តំបន់ទេសចរណ៍ទូទាំងខេត្ត រួមមាន តំបន់រដ្ឋបាលសាលាខេត្ត មានភ្ញៀវសរុបប្រមាណ ៦៨.៥០០នាក់ ស្រី៤១.២០០នាក់ រមណីយដ្ឋាន ហ្លួងព្រះស្តេចកន មានភ្ញៀវសរុបប្រមាណ ១.២០០នាក់ ស្រី៥៥០នាក់ រមណីយដ្ឋាន ព្រះធាតុបាស្រី និងសួនទន្លេស្ងួតមានភ្ញៀវសរុបប្រមាណ ៧.៨០០នាក់ ស្រី៤.៦០០នាក់ រមណីយដ្ឋាន តាសែដូងក្រអូប មានភ្ញៀវសរុបប្រមាណ ២៥០នាក់ ស្រី១២០នាក់ រមណីយដ្ឋាន សួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង មានភ្ញៀវសរុបប្រមាណ២២០នាក់ ស្រី១០០នាក់ រមណីយដ្ឋាន ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ មានភ្ញៀវសរុបប្រមាណ ១៤៥នាក់ ស្រី៧០នាក់
និងរមណីយដ្ឋាន ទឹកធ្លាក់ហោង មានភ្ញៀវសរុបប្រមាណ ២៥០នាក់ ស្រី១៣០នាក់។

សូមជម្រាបថា ឆ្នាំនេះ ក្រោមការរៀបចំដឹកនាំដោយលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រឹត្តការណ៍សង្រ្កាន្តត្បូងឃ្មុំ មានរៀបចំកម្មវិធីកំសាន្តសប្បាយៗ រួមមាន លេងល្បែងប្រជាប្រិយខ្មែរ រាំលេងចង្វាក់ប្រពៃណីខ្មែរចម្រុះ បាញ់ទឹកតំបន់ត្រជាក់ និងកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត ។ ជាពិសេស នាពេលយប់ក៏មានការប្រគំតន្រ្តីសម័យខ្នាតធំ ដែលមានតារាល្បី និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អ នាពេលរាត្រីផងដែរ។

សម្រាប់ព្រឹត្តិការណ៍នេះ មានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ បានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ជូនសុខសុវត្ថិភាព និងមានភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋកម្សាន្ដសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ៕

អត្ថបទ៖ សារី ណែត