សង្គម

សង្ក្រាន្តសែនមនោរម្យ ថ្ងៃទី១ ទទួលបានភ្ញៀវទេសចរជិត១ម៉ឺននាក់ មកចូលរួមទស្សនា និងរាំលេងកម្សាន្ត

image


មណ្ឌលគិរី៖ នៅថ្ងៃទី១ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងសង្ក្រាន្តសែនមនោរម្យ និងទស្សនាតាមរមណីដ្ឋានសំខាន់ៗ នៅក្នុងខេត្តសរុបចំនួន ៧.៣៣៧នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៧.២១៣នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១២៤នាក់ ។ នេះបើតាមរបាយការណ៍របស់លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។

លោក បញ្ជាក់ថា កត្តាដែលលំហូរចូលនៃភ្ញៀវទេសចរ ទី១. ដោយសារមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ ជាពិសេស អាកាសធាតុខេត្តមណ្ឌលគិរីត្រជាក់ជាងខេត្តផ្សេងៗ អាចធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍អញ្ជើញមកលេងច្រើន។ ទី២ សណ្តាប់ធ្នាប់សាធារណៈគ្រប់ក្រុង ស្រុក និងនៅតាមរមណីដ្ឋាននានាក្នុងខេត្ត មានការការពាររក្សាសុវត្ថិភាពសាធារណៈបានល្អប្រសើរ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំសង្ក្រាន្តសែនមនោរម្យ នៅបរិវេណសួនច្បារក្រុងសែនមនោរម្យ (សួនដំរីដែក) ជើងភ្នំដោះក្រមុំ ទំនប់សែនមនោរម្យ និងទំនប់សែនសុខដុម ក្នុងក្រុងសែនមនោរម្យ នឹងមានរៀបចំឱ្យមាននូវព្រឹត្តិការណ៍ជាច្រើនដូចជា ការប្រគុំតន្ត្រីរាំលេងកម្សាន្ត ការតាំងពិព័ណ៌ផលិតផលផ្សេងៗ ពិព័រណ៍ម្ហូបអាហារជនជាតិដើមភាគតិច ការលេងល្បែងប្រជាប្រិយ និងមានការបាញ់កាំជ្រួចផងដែរ។

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ  ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព។

គេសង្កេតឃើញថា ក្រៅពីការរៀបចំសង្ក្រាន្តសែនមនោរម្យ ខេត្តមណ្ឌលគិរីក៏មានតំបន់ទេសចរណ៍ជាច្រើនទៀតដែលភ្ញៀវទេសចរអាចដើរលេងកម្សាន្តបាន ដូចជាការគយគន់ទេសភាពធម្មជាតិ  ស្រូបយកខ្យល់អាកាសបរិសុទ្ធលើកំពូលភ្នំ ការដើរកម្សាន្តព្រៃ ទស្សនា និងស្វែងយល់ពីទំនៀមទំលាប់វប្បធម៌ ក៏ដូចជាការរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច។ ក្នុងនោះដែរ នៅមានរមណីយដ្ឋានជាច្រើនទៀត ដូចជារមណីយដ្ឋានវប្បធម៌ ភ្នំដោះក្រមុំ  ដែលជាកន្លែងទីសក្ការៈបូជាដ៏សក្តិសិទ្ធ រមណីយដ្ឋានសមុទ្រឈើ  រមណីយដ្ឋានទឹកជ្រោះដំណាក់ស្ដេច ចំការកាហ្វេ ភ្នំណាំលៀ ភ្នំសាងស្នេហ៍ ភ្នំអណ្ដូងស្នេហ៍ ទឹកជ្រោះប៊ូស្រា ដែលកំពុងរង់ចាំទទួលភ្ញៀវទេសចរមកលេងកម្សាន្ត៕

ដោយ៖ ប៊ុត សុភ័ក្រ