ក្រុមជួយសង្គ្រោះបន្តស្វែងរកសាកសព៥៣នាក់ទៀត ដែលនៅសេសសល់ក្រោមសំណង់អគារសវនកម្មរដ្ឋដែលដួលរលំក្នុងក្រុងបាងកក

ថៃឡង់ដ៍៖ កាលពីដើមសប្ដាហ៍នេះ ការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះកំពុងតែបន្តប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនចំនួន ៥៣នាក់ដែលនៅសេសសល់ ដោយគេជឿថា ជនរងគ្រោះទាំងនោះជាប់គាំងនៅក្រោមអគារការិយាល័យសវនកម្មរដ្ឋដែលបានដួលរលំ ។
មកទល់នឹងពេលនេះ សាលាក្រុងបាងកក បានបញ្ជាក់ជាផ្លូវការថា មនុស្សចំនួន ៤១នាក់បានស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំសំណង់អគារក្នុងរាជធានីរបស់ប្រទេសថៃ ដែលបណ្ដាលមកពីឥទ្ធិពលនៃគ្រោះរញ្ជួយពីទីក្រុងម៉ាន់ដាឡេ (Mandalay) ប្រទេសភូមា កាលពីម៉ោង ១២៖៥០នាទីថ្ងៃសុក្រ ទី២៨ ខែមីនា ។
គួររម្លឹកថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តដំណើរការ ហើយក្រុមអ្នកជួយសង្គ្រោះ កំពុងតែធ្វើការយ៉ាងម្នីម្នា ដើម្បីស្វែងរកសាកសពដែលនៅសេសសល់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព/ រូបភាព៖ Khaosod English



