ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិនជំរុញឱ្យវៀតណាមរើបម្រះនឹងសម្ពាធពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក

image


វៀតណាម៖ នៅឱកាសដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាមកាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីចិនលោក ស៊ីជីនពីង បានជំរុញឱ្យវៀតណាមខិតខំរើបម្រះនឹងការដាក់សម្ពាធពន្ធគយរបស់សហរដ្ឋអាម៉េរិក ដើម្បីរក្សាគុណតម្លៃពាណិជ្ជកម្មសេរីនិងបើកចំហ ស្របពេលលោកមានបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់ ក្រោមបរិបទនៃសម្ពាធនយោបាយពន្ធគយរបស់រដ្ឋាភិបាលអាម៉េរិក។

វត្តមានរបស់លោកស៊ីជីនពីងក្នុងប្រទេសវៀតណាមនេះ ត្រូវបានប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំហៅថាជាការព្យាយាមបំបែកផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក ខណៈលោកស៊ីជីនពីងក៏នឹងគ្រោងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី ដើម្បីបញ្ជាក់ពីជំហរគាំទ្ររបស់ចិនក្នុងការធើ្វជាទីផ្សារនាំចេញផលិតផលរបស់បណ្តាប្រទេសជាដៃគូនៅក្នុងតំបន់អាស៊ី ជំនួសឱ្យការបន្តពឹងផ្អែកលើសហរដ្ឋអាម៉េរិកនៅថ្ងៃខាងមុខ ស្របពេលដែលកំណើនវិនិយោគរបស់ចិននៅតាមបណ្ដាប្រទេសទាំងនេះកំពុងមានសន្ទុះខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

នៅអំឡុងការជួបជជែកជាមួយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសវៀតណាម លោកស៊ីជីនពីងបាននិយាយថា ប្រទេសចិននិងវៀតណាមគប្បីសហការគ្នារក្សាឱ្យបាននូវ "ស្ថិរភាពនៃប្រព័ន្ធពាណិជ្ជកម្មសេរីសកល បណ្តាញឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់" ដើម្បីធានាដំណើរការផ្តោះប្តូរពាណិជ្ជកម្មដោយនិរន្តរភាព។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ។

ប្រភពដដែលបានដកស្រង់សម្តីរបស់លោកស៊ីជីនពីងដូច្នេះថា ‘’ចិនគឺជាប្រទេសមានទីផ្សារធំមហាសាល ដែលអាចបំពេញតម្រូវការនាំចេញផលិតផលរបស់ប្រទេសវៀតណាមបាន ប្រសិនវៀតណាមពិតជាមានបំណងបង្កើនចំណងពាណិជ្ជកម្មជាមួយប្រទេសចិន’’ ដើម្បីកាត់បន្ថយការពឹងលើទីផ្សាររបស់សហរដ្ឋអាម៉េរិក ខណៈលោកក៏បានធើ្វការប្រដូចប្រទេសវៀតណាម ថាជាកូនទូកដែលពិបាកទប់ទល់នឹងឥទ្ធិពលរបស់ព្យុះភ្លៀង លុះត្រាតែព្រមស្ថិតនៅរួមគ្នាជាមួយបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ ទើបអាចជួយឱ្យវៀតណាមបន្តដំណើរទៅមុខដោយស្ថិរភាព៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ BBC News