ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទៅលេងសប្បាយ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សង្កេតឃើញមានវត្តមានប្រជាពលរដ្ឋ និងអ្នកទេសចរជាតិ អន្តរជាតិ បានដើរលេងកម្សាន្តយ៉ាងច្រើនកុះករ នៅតំបន់រៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង។
គិតត្រឹមវេលាម៉ោង ៥:៣០នាទីល្ងាច នៅក្នុងតំបន់ទាំង១០នៃព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកពីគ្រប់ទិសទីនៃខេត្តបាត់ដំបង និងខេត្តផ្សេងៗទៀតបានសម្រុកទៅលេងកម្សាន្តនៅខេត្តបាត់ដំបង ច្រើនណែនណាន់តាន់តាប់ ប្រកបដោយភាពសប្បាយរីករាយ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា នៅតំបន់ត្រជាក់ចិត្ត និងតំបន់ពាងទឹកនេះ នឹងបន្តឱ្យមានការលេងទឹករហូតដល់ម៉ោង៨យប់ ដោយសារតែកំណើនចរន្តអ្នកមកលេងកាន់តែមានចំនួនច្រើនឡើងៗ។
អ្នកស្រី កែវ លក្ខណា មកពីរាជភ្នំពេញ បានឱ្យដឹងថា សង្រ្កាន្តបាត់ដំបងឆ្នាំនេះពិតជាមានភាពសប្បាយមែនទែន ហើយមានមនុស្សមកចូលរួមក៏ច្រើនទៀត ស្របពេលដែលខេត្តបាត់ដំបង កំពុងមានការអភិវឌ្ឍ ទីក្រុងមានការរីកចម្រើន ទើបធ្វើឱ្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំនេះកាន់តែល្អប្រសើរ។
អ្នកស្រី ប្រាក់ ថាវរី នៅក្រុងបាត់ដំបង បានឱ្យដឹងថា អ្នកស្រី និងក្រុមគ្រួសារបានដើរមើលគ្រប់តំបន់សង្រ្កាន្តនេះហើយ អ្វីដែលមានការចាប់អារម្មណ៍នោះ គឺការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង បានស្អាតល្អ ពិសេសបានឃើញមានក្រូចយក្ស ដូងខ្ទិះយក្ស ទុរេនយក្ស និងណែមយក្ស។
ចំណែក លោក សាំង សុចិត្ត្រា នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានឱ្យដឹងដែរថា សម្រាប់ឆ្នាំនេះ មានការកោតសរសើរច្រើនពីស្រទាប់មហាជន អំពីការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងបានល្អ និងមានភាពស្រស់ស្អាតជាងឆ្នាំមុនៗ ព្រមទាំងបានជ្រើសរើសយកទីតាំងប្រមូលម្តុំនេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១ ចាប់ពីវិមានឯករាជ្យ ដល់មុខអាគារសារមន្ទីរប្រវត្តិសាស្រ្តខេត្តបាត់ដំបង។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហប័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានរយៈពេល៤ថ្ងៃ ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕
អត្ថបទ ៖ ឡាច សុគន្ធាវី
















