លោក គី តិច មេធាវីតំណាងរាជរដ្ឋាភិបាល ការដាក់ភស្តុតាងថ្មី មានជាវីដេអូ និងរូបថត ពីភាគីជនជាប់ចោទ គឺមិនត្រឹមត្រូវតាមច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះត្រូវការពេលវេលា ដើម្បីពិនិត្យលើភស្តុតាងទាំងនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា ដែលអតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ។ នៅក្នុងសវនាការនេះ មានវត្តមានជនជាប់ចោទ កឹម សុខា, មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ លោក គី តិច, មេធាវីរបស់ជនជាប់ចោទ រួមទាំងតំណាងទូត អង្គការសង្គមស៊ីវិល សមាគម និងអ្នកសារព័ត៌មានផងដែរ។

ក្រោយបញ្ចប់សវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា ដែលអតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ លោក គី តិច មេធាវីរាជរដ្ឋាភិបាលបានថ្លែងថា ការដាក់ភស្តុតាងថ្មី មានជាវីដេអូ និងរូបថត ពីភាគីជនជាប់ចោទ គឺមិនត្រឹមត្រូវតាមច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះត្រូវការពេលវេលា ដើម្បីពិនិត្យលើភស្តុតាងទាំងនេះ។

លោកបានលើកឡើងទៀតថា សវានាការចាប់ផ្តើមតាំងពីម៉ោង៨ និង៣០នាទី រហូតដល់១១ និង២០នាទី គឺផ្តោតលើកភស្តុតាងថ្មី ជាឃ្លឺបវីដេអូខ្លីៗជាង១០ និងរូបថត ដែលជនជាប់ចោទទើបតែយកបង្ហាញតុលាការ។

លោកបានបញ្ជាក់ថា «ភស្តុតាងដាក់កាលពីថ្ងៃទី២០ផ្សេង ដល់ព្រឹកនេះ គាត់ដាក់ថែមទៀត ការដាក់បែបនេះ មិនត្រឹមត្រូវតាមច្បាប់ទេ ក្រុមប្រឹក្សាជំនុំជម្រះ បានស្នើឲ្យភាគីជនជាប់ចោទសរសេរលិខិតជាលាយលក្ខណ៍អក្សរ ដើម្បីការពារសុក្រឹតភាពនៃភស្តុតាងថ្មីនេះ។

លោកបន្តថា “ភស្តុតាងខ្លះដែលខ្ញុំបានពិនិត្យ ជាបឋមនៅពេលយប់ ព្រោះភស្តុតាងទទួលបាន នៅពេលរសៀលម្សិលមិញ ។ ពិនិត្យជាបឋមនេះ ឃើញថា ភស្តុតាងមួយចំនួន ក៏ជាភស្តុតាង ថែមបន្ទុក ឲ្យលោក កឹម សុខា ដែរ ។ ភស្តុតាងមួយចំនួន គឺផ្តល់ផលប្រយោជន៍ ឲ្យភាគីយើងខ្ញុំ ហើយក៏ជាភស្តុតាង ដែលបញ្ជាក់ច្បាស់ថា មានបន្ទុកទៅលើ ជនជាប់ចោទកឹម សុខា” ។

ចំពោះសកម្មភាពលោក កឹម សុខា ដែលមានការចោទប្រកាន់ ពីទោសក្បត់ជាតិនោះ លោកថា បើសមត្ថកិច្ចគ្មានវិធានការ ទប់ស្កាត់ទេ នឹងធ្វើឲ្យពលរដ្ឋ និងប្រទេសជាតិជួបបញ្ហាវឹកវរ។

ជាមួយគ្នានេះដែរ លោកអះអាងថា ក្នុងសវនាការព្រឹកមិញនេះ ក្រុមប្រឹក្សា បានឲ្យសិទ្ធិទៅមេធាវីចុងចោទ ច្រើនជាងដើមចោទ ។

នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា បន្តទៀតផងដែរ៕អត្ថបទ÷ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation