ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដាក់ចេញផែនការការពារក្នុងពិធីបុណ្យចូលឆ្នាំចិន

image

ខេត្តព្រះសីហនុ៖ ដើម្បីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងឱកាស បុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រជុំ ផ្សព្វផ្សាយ ដល់កម្លាំងនគរបាល នៅទូទាំង ក្រុងស្រុក ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២២ ខែ មករាឆ្នាំ ២០២០។

មានប្រសាសន៍ លើកឡើងក្នុងអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិអ្នកវិនិយោគិន ដែលកំពុងមានវត្តមាន នៅក្នុងក្រុងនៃខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចនគរបាល ក្រុងស្រុកទាំងអស់ត្រូវបង្កើនសមត្ថភាពក្នុងការ ការពារឱ្យមាន សុខសុវត្ថិភាព ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ក្នុងនោះលោកស្នងការនគរបាលខេត្តក៏បានបញ្ជាក់ផងដែរថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ សង្ឃឹមថាមានភ្ញៀវទេសចរ ជាតិនិងអន្តរជាតិមកលេងក្រុង ខេត្តព្រះសីហនុមានចំនួនច្រើនដូចនេះកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវតែពង្រឹង ការការពារសន្តិសុខ សុវត្ថិភាពនៅតាមគោលដៅសំខាន់ៗដូចជាតាមទីប្រជុំជនផ្សារ តាមដងផ្លូវសាធារណៈ តាមរមណីយដ្ឋាន តាមតំបន់ឆ្នេរនានា ដែលរដ្ឋបាលខេត្តបាននិងកំពុងរៀបចំតំបន់ឆ្នេរមួយចំនួនឲ្យមានសោភ័ណភាពនិង មានភាពងាយស្រួលសំរាបបងប្អូន ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន គឺចាប់ពីចុងឆ្នេរអូរឈើទាល (អារីស្តុន )រហូតដល់ ឆ្នេរអូរត្រេះដែលកន្លងមកទីតាំងទាំងអស់នេះ មានការលក់ដូរឥតសណ្តាប់ធ្នាប់ប៉ះពាល់ដល់បរិស្ថាន តំបន់ឆ្នេរ ដូចនេះហើយរដ្ឋបាលខេត្តបានរៀបចំទីតាំងខាងលើឱ្យមានសោភ័ណភាពឡើងវិញសម្រាប់ ទទួលភ្ញៀវនិង ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត។ 

ក្នុងដំណើរកម្សាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនលោកស្នងការក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងខេត្តព្រះសីហនុបង្កើនការប្រុងប្រយ័ត្ន អំពី ការធ្វើចរាចរណ៍ នៅលើដងផ្លូវសាធារណៈ ចេះគោរពយោគយល់និងអធ្យាស្រ័យគ្នាទៅវិញ ទៅមក ហើយបងប្អូនដែលកាត់ខ្សែស្រឡាយចិននៅពេលសែនព្រេងត្រូវមានការប្រុងប្រយ័ត្នជុំវិញករណីគ្រោះអគ្គីភ័យដែល កើតឡើងជាយថាហេតុតាមរយៈការសែនព្រេងអុជធូប ក៏ដូចជាប្រើប្រាស់គ្រឿងអគ្គិសនីផ្សេងៗផងដែរ ។ ហើយពេលបច្ចុប្បន្ន ក្រុងព្រះសីហនុកំពុងមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អូលូប្រឡាយ និងជាពិសេសការកសាងនូវសំណង់អគារខ្ពស់ៗ បានចេញជារូបរាង ហើយកំណើនអ្នកវិនិយោគ ភ្ញៀវទេសចរមកលេងនៅខេត្តព្រះសីហនុក៍មានការកើនឡើង ដូចនេះទើបលោក ឱ្យអធិការក្រុងស្រុកទាំងអស់ពង្រឹងទៅតាមគោលដៅធ្វើយ៉ាងណារក្សាការពារជូនបងប្អូនប្រជាពលរដ្ឋឲ្យមានសុខសុវត្ថិភាព កាន់តែខ្លាំងឡើងថែមទៀត៕ ដោយ៖ប៉ៃ សុឃីម