ជប៉ុនផ្តល់លុយជិត ១៨ម៉ឺនដុល្លារ សម្រាប់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងពង្រឹងសហគមន៍កសិកម្ម
| ព័ត៌មានជាតិ
SHARE

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបជិត ១៨ម៉ឺនដុល្លារអាមេរិក ដល់អង្គភាពចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរ ពោលគឺសម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រកោះស្វាយ ខេត្តកំពង់ចាម ដោយចំណាយថវិកាចំនួន ៨៩,៥០៨ដុល្លារអាមេរិក និងគម្រោងពង្រឹងសហគមន៍កសិកម្មក្នុងស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយចំណាយថវិកាចំនួន ៨៩,៨០០ដុល្លារអាមេរិក។

ក្នុងគម្រោងនេះ ប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ រួមមានទំនប់ទឹក, ផ្លូវធ្វើដំណើរ, ទ្វារទឹក និងបំពង់លូ នឹងត្រូវបានស្តារឡើងវិញ ហើយបំពង់លូថ្មីនឹងត្រូវបានសាងសង់ក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គម្រោងនេះ នឹងធានាបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយប្រសិទ្ធភាពសម្រាប់វាលស្រែនិងពង្រីកដីស្រោចស្រពកសិកម្ម។ កម្រោងនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ជាង ៥ពាន់នាក់ ក្នុងការបង្កើនផលិតកម្មដំណាំស្រូវ តាមរយៈការស្តារឡើងវិញនូវទំនប់ទឹក ដោយប្រើប្រាស់ជាផ្លូវដើម្បីដឹកជញ្ជូនដំណាំកសិកម្មឲ្យមានភាពងាយស្រួល ហើយជាលទ្ធផលធ្វើអោយជីវភាពរស់នៅរបស់ពួកគេមានភាពប្រសើរឡើង។

ក្នុងគម្រោងនេះ ឃ្លាំងស្តុកនឹងត្រូវបានសាងសង់ ហើយម៉ាស៊ីនសម្ងួតម្រេច និងឧបករណ៍កែច្នៃគ្រាប់ស្វាយចន្ទី នឹងត្រូវបានតម្លើង ក្នុងសហគមន៍កសិកម្មចំនួន ២កន្លែង គឺមួយនៅស្រុកមេមត់និងមួយទៀតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ សហគមន៍កសិម្មទាំងពីរ មានការលំបាកក្នុងការតំឡើងតម្លៃនៃដំណាំពាណិជ្ជកម្មរបស់ពួកគេ ដែលមានដូចជា ម្រេច និងស្វាយចន្ទី ដោយសារតែខ្វះខាតបរិក្ខារ ដែលសមស្របសម្រាប់កែច្នៃនិងកន្លែងសម្រាប់ផ្ទុក។ យើងរំពឹងថា ប្រជាកសិករប្រមាណជា ៤៥០នាក់ ដែលជាសមាជិករបស់សហគមន៍កសិកម្ម នឹងទទួលបានអត្ថប្រយោជន៍ពីការកែលម្អគុណភាពផលិតផលកសិកម្មរបស់ពួកគេ និងបន្ថែមខ្សែសង្វាក់តម្លៃឲ្យកាន់តែស៊ីជម្រៅ ក្នុងអាជីវកម្មរបស់សហគមន៍កសិកម្ម។

សូមបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍនិងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួននេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសល ដែលអាច គំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ, ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជា ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦២០ គម្រោងនៅទូទាំងប្រទេសកម្ពុជា៕អត្ថបទ៖ លោក ចេង ឆហួត  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation