សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទឹកចិត្តដល់គ្រប់វត្តអារាម ដាំដុះដើមឈើដើម្បីបរិស្ថានស្អាត
| ព័ត៌មានជាតិ
SHARE

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកទឹកចិត្ត ដល់គ្រប់វត្តអារាមធ្វើការដាំដុះរុក្ខជាតិ ដើម្បីបរិស្ថានស្អាត ហើយថាបរិស្ថានល្អនាំមកនូវសុខភាពល្អ និងរុក្ខជាតិមានអត្ថប្រយោជន៍ច្រើនយ៉ាង។

សម្តេច បានអំពាវនាវដល់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ ចូលរួមដាំដុះរុក្ខជាតិឱសថតាមវត្តអារាមនានា ដើម្បីប្រែក្លាយបរិវេនវត្តអារាម ពោរពេញដោយឱសថរុក្ខាធម្មជាតិ រំលេចភាពបៃតងជាទីគយគន់ស្រស់ស្រាយ សម្រាប់រក្សាទុកជាធម្មទានជូនពុទ្ធបរិស័ទជិតឆ្ងាយទស្សនាលំហែរ ជាទីទាក់ទាញអ្នកទេសចរផង។ ជាមួយគ្នានេះ សម្តេច បានអំពាវនាវដល់ ប្រជាពុទ្ធបរិស័ទ ចូលរួមសកម្មក្នុងការផ្សព្វផ្សាយ សីលធម៌រស់នៅ និងតម្លៃគុណធម៌សង្គមឱ្យបានទូលំទូលាយ និងបានជំរុញ ដល់សហគមនីមួយៗ បង្កើតស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ។

នៅក្នុងពិធីដែលមានប្រជាពលរដ្ឋប្រមាណ៣ពាន់ចូលរួមនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានលើកឡើងពីគុណតម្លៃសន្តិភាពដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះដែរ។ សម្តេចបានគូសបញ្ជាក់ថា នៅពេលប្រទេសជាតិមានសុខសន្តិភាពដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗបានទំាងអស់ ក្នុងនោះគឺលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឱ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។ សន្តិភាព គឺធាតុស្នូលដ៏សំខាន់ដែលអាចឱ្យកម្ពុជាធ្វើការអភិវឌ្ឍន៍ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយ ប្រកបដោយសុទិដ្ឋិនិយម ។

សម្តេចបានលើកឡើងថា “អនាគតរបស់កម្ពុជា ស្ថិតនៅលើកិច្ចប្រឹងប្រែងនិងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់យើងទាំងអស់គ្នា ទាំងក្នុងការបង្កើនជីវភាពគ្រួសារ រក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន កសាងធនធានមនុស្ស និងការអប់រំជាប្រចាំដល់អ្នកនៅជុំវិញខ្លួនឲ្យយល់ពីគុណតម្លៃ នៃសន្តិភាព និងចូលរួមជាប្រចាំ ក្នុងការថែរក្សាសន្តិភាពឲ្យបានជានិច្ចនិរន្តន៍”។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍បន្តថាក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានពុះពារជន្នះរាល់គ្រប់ឧបសគ្គ ច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ។ ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ប្រទេសជាតិរីកចម្រើនកាន់តែឆាប់រហ័ស និងគ្រប់ទីកន្លែង។

រាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយ និងច្បាប់វិនិយោគត្រឹមត្រូវ ក្នុងការបើកចំហរនិងលើកទឹកចិត្តដល់អ្នកវិនិយោគ ជាតិ និងអន្តរជាតិគ្រប់ប្រភេទ។ យុទ្ធសាស្រ្តរាជរដ្ឋាភិបាល ក្នុងគោលដៅបង្កើតប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងប្រព័ន្ធឡូជីស្ទីក ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងការអភិវឌ្ឍរបៀងសេដ្ឋកិច្ច និងការពង្រាយរោងចក្រ ទៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ តួរយ៉ាងដូចជារោងចក្រកែច្នៃកៅស៊ូ និងផ្លែស្វាយ ក្នុងខេត្តត្បូងឃ្មុំជាដើម ដើម្បីបង្កើតការងារជូនក្មួយៗ កម្មករ កម្មការនី នៅនឹងកន្លែង ក្នុងគោលបំណងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ការកាត់បន្ថយគម្លាត រវាង ទីក្រុងនិងជនបទ ក៏ដូចជាការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន។

ជាមួយគ្នានេះ រដ្ឋសភា បានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលក្នុងនោះមានកញ្ចប់ថវិកា សម្រាប់បន្តជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋាន ដោយឃុំសង្កាត់នីមួយៗទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណជាង ១០ម៉ឺនដុល្លារ ហើយថវិកានេះនឹងកើនឡើងជាលំដាប់ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណជា្រលជ្រៅ ចំពោះប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តវត្តក្បាលដំរី ដែលបានរួមគ្នាកសាងសមទ្ធិផលជាច្រើនក្នុងវត្តជាការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។ ក្នុងន័យនេះ វត្តអារាមគឺជាមូលដ្ឋានចំបង ក្នុងការបញ្ជ្រៀប ផ្សព្វផ្សាយព្រះធម្មវិន័យ និងព្រះធម៌ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកាយ វាចាចិត្ត ដ៏ប្រពៃសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខុដុម ក្នុងគ្រួសារ និងសង្គមជាតិ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿយ៉ាងមុតមាំថាព្រះថេរានុត្ថេរៈ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ នឹងរួមគ្នាថែរក្សាការពារសមិទ្ធផលដ៏ឧត្តុង្គឧត្តមទាំងនេះ ឱ្យបានស្ថិតស្ថេរ គង់វង្ស ដើម្បីជាឧត្តមប្រយោជន៍សម្រាប់យើងទាំងអស់គ្នា ក្នុងការចូលរួមចំណែក លើកកម្ពស់វិស័យសាសនា និងសីលធម៌សង្គម ជាពិសេសត្រូវតម្កល់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយៗទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation