ព័ត៌មានអន្តរជាតិ

Update: មនុស្ស១៤នាក់ស្លាប់និង៧៥០នាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះឆេះដ៏សាហាវនៅកំពង់ផែអ៊ីរ៉ង់ ខណៈក្រុមសង្គ្រោះកំពុងធ្វើការយ៉ាងម្នីម្នា

image


អ៊ីរ៉ង់៖ តាមរយៈរូបភាពវីដេអូទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញឱ្យឃើញពីសកម្មភាពរបស់ក្រុមអ្នកជួយសង្គ្រោះ កំពុងតែចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ។ ក្នុងនោះ គេឃើញក្រុមសង្គ្រោះកំពុងជួយបញ្ជូនមនុស្សតាមរទេះរុញចេញពីជិតទីតាំងផ្ទុះ នាកំពង់ផែបាន់ដាអាប់បាស់ (Bandar Abbas) កាលពីយប់ថ្ងៃសៅរ៍ ។


ក្រុមសង្គ្រោះដែលជាសមាជិកនៃអង្គការអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ កំពុងតែខ្នះខ្នែងធ្វើសកម្មភាពនៅក្នុងប្រតិបត្តិការសង្គ្រោះយ៉ាងម្នីម្នានៅឯទីកន្លែងកើតហេតុ ជាទីតាំងដែលគេសង្ស័យថាមានការផ្ទុះសារធាតុគីមី កាលពីព្រឹកថ្ងៃដដែលនោះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់ និងធ្វើឱ្យមនុស្ស ៧៥០នាក់ផ្សេងទៀតទទួលរងរបួស ។


ក្រៅពីសមាជិករបស់ក្រុមសង្គ្រោះ គេក៏ឃើញមានយន្តហោះពន្លត់អគ្គិភ័យ ចូលរួមនៅក្នុងសកម្មភាពជួយសង្គ្រោះថែមទៀតផង តាមរយៈការទម្លាក់ទឹកនៅម្ដុំទីតាំងដែលអគ្គិភ័យកំពុងឆាបឆេះ។ បន្ថែមពីនេះ ក៏មាននូវការព្រមានអំពីខ្យល់កខ្វក់បង្កដោយករណីខាងលើនេះដែរ ។


ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាហ្ស៊ូត ភើហ្សេស្គៀន (Masoud Pezeshkian) បានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧបទ្ទវហេតុនេះភ្លាមៗ ព្រមទាំងបានបញ្ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅកាន់ទីកន្លែងកើតហេតុ ខណៈរដ្ឋមន្ត្រីនិយាយថា ពួកគេកំពុងធ្វើការពន្លត់ភ្លើង និងបញ្ឈប់កុំឱ្យអគ្គិភ័យរាលដាលទៅដល់ទីកន្លែងផ្សេងទៀតដែលនៅក្បែរនោះ ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect/ Le Monde
រូបភាព៖ ​AFP/ Other Sources