ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងការងារ ៖ សហគ្រាសចំនួន ៣៦ ត្រូវបានគណៈកម្មការ វាយតម្លៃនិងជ្រើសរើសឱ្យទទួល ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ប្រចាំឆ្នាំ២០២៥

អត្ថបទ៖ ហ៊ន សុភ័ក្រ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងបានថ្លែងថា “សហគ្រាសចំនួន ៣៦ ត្រូវបានគណៈកម្មការ វាយតម្លៃនិងជ្រើសរើសឱ្យទទួល ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ប្រចាំឆ្នាំ២០២៥ ក្នុងនោះសហគ្រាស ផ្នែកកាត់ដេរសម្លៀកបំពាក់ចំនួន ១៥, ផ្នែកផលិតស្បែកជើង ចំនួន ៤, ផ្នែកផលិតផលិតផលធ្វើ ដំណើរនិងកាបូបចំនួន ៣, ផ្នែកអេឡិចត្រូនិកចំនួន ៤, សេវាកម្មហិរញ្ញវត្ថុចំនួន ៥, ឧស្សាហកម្ម ទេសចរណ៍ចំនួន ៣, ផ្នែកបង្គំរថយន្តចំនួន ១ និងផ្នែកផ្សារទំនើបចំនួន ១ “។
នេះជាការថ្លែងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចបវរអិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងបានថ្លែងបន្តថា “ឆ្នាំ២០២៥ នេះជាឆ្នាំដំបូងនៃការផ្តល់ពានរង្វាន់ “សហគ្រាស មួយជាសហគមន៍សុខសាន្តមួយ” ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញ នូវលក្ខខណ្ឌវិនិច្ឆ័យដោយផ្អែកលើអនុលោមភាពទាំង ៨ ហើយក្រសួងក៏បានរៀបចំគណៈកម្មការ វាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលជាយន្តការត្រីភាគី និងមានការចូលរួមសង្កេតការណ៍ពីតំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគម្រោងរោងចក្រកាន់ តែប្រសើរនៅកម្ពុជាផងដែរ។
ការវាយតម្លៃអនុលោមភាពទាំង៨ ត្រូវបានរៀបចំដោយផ្អែកលើ របាយការណ៍អធិការកិច្ចការងារ ដែលមាននៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមវិស័យការងារ និង ន្ធស្វ័យប្រវត្តិកម្មអធិការកិច្ចការងារ ដោយបែងចែកជាពានមាស ពានប្រាក់ និងពានសំរឹទ្ធ ត្រូវបានគណៈកម្មការផ្តល់ជូនផ្អែកលើចំនួនកម្មករនិយោជិតសរុបនៅក្នុងសហគ្រាស តាមវិស័យ នីមួយៗ។
សហគ្រាសជ័យលាភីនៃពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ត្រូវ តែបំពេញឱ្យគ្រប់នូវលក្ខណៈវិនិច្ឆ័យនៃអនុលោមភាពទាំង៨ មានន័យថា សហគ្រាសជ័យលាភី ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ នឹងត្រូវទទួលបានពានរង្វាន់សរុបចំនួន ៩ (ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ និងពានរង្វាន់អនុលោមភាពទាំង៨ផ្នែក)”។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការងារបានបញ្ជាក់ថា “ពានមាស ផ្តល់ជូនសហគ្រាសចំនួន ២២សហគ្រាស ដែលនឹងត្រូវទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល ៣ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង ពានប្រាក់ ផ្តល់ជូនសហគ្រាសចំនួន ៥សហគ្រាស ដែលនឹងត្រូវទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល ២ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង ពានសំរឹទ្ធ ផ្តល់ជូនសហគ្រាសចំនួន ៩សហគ្រាស ដែលនឹងត្រូវទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល ១ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង”៕









