សង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងមួយឆ្នាំ រដ្ឋ និងវិស័យឯកជន បានចំណាយ៨០លានដុល្លា ដើម្បីបន្ថែមប្រាក់ខែជូនកម្មករកម្មការិនី

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ក្នុងមួយឆ្នាំ រដ្ឋ និងវិស័យឯកជន បានចំណាយ៨០លានដុល្លា ដើម្បីបន្ថែមប្រាក់ខែជូនកម្មករកម្មការិនី”។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ជាង៥ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។


សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា “ទោះបីជាសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ជាបន្តបន្ទាប់ ប្រទេសមួយចំនួនមិនបានដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតទេ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជាបានបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតជានិច្ចទោះបីតិច ឬច្រើនក៏ដោយ”។


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ប្រាក់ខែកម្មករកម្មការិនី គឺរាជរដ្ឋាភិបាលបានសម្របសម្រួលឲ្យកើនឡើង បើទោះបីជាឃើញថា រដ្ឋបន្ថែម ២ដុល្លា និងរោងចក្រសហគ្រាស ២ដុល្លា ក៏ពិតមែន តែបើសរុបទៅត្រូវចំណាយ ៨០លានដុល្លា ក្នុងមួយឆ្នាំ ដោយរដ្ឋ៤០លានដុល្លា រោងចក្រសហគ្រាស៤០លានដុល្លាដុល្លា”។


បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ "តួលេខ ២ដុល្លាររបស់ សម្តេចធិបតី លើតួលេខ ២០៦ដុល្លារ របស់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ កើន ដល់ចំនួន ២០៨ដុល្លារអាម៉េរិក និងបានកំពុងអនុវត្តដោយជោគជ័យ។ ប្រសិនបើបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀត កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលទាបបំផុត ចន្លោះពី ២២៥ដុល្លារអាម៉េរិក ដល់ ២៣៦ដុល្លារអាម៉េរិកក្នុងមួយខែ"៕