សន្តិសុខសង្គម

បង្ក្រាបក្មេងទំនើង៦នាក់ ឈ្មោះក្រុមកាប់ស្លុយ KS ដែលដេញកាប់ចាក់ជនរងគ្រោះ២ករណី នៅខណ្ឌចំការមន និងខណ្ឌព្រែកព្នៅ

image


ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន​ ៦នាក់ ជាក្រុមក្មេងទំនើងឈ្មោះ ក្រុមកាប់ស្លុយ (KS) ដែលដេញកាប់ចាក់ជនរងគ្រោះ២ករណី។


ផ្អែកតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥​ បានឲ្យដឹងថា ជនល្មើសទាំង៦នាក់ ដែលជាក្រុមក្មេងទំនើងឈ្មោះ ក្រុមចាក់ស្លុយនេះ​ បានប្រព្រឹត្តបទល្ម​ើសចំនួន២ករណី។


ករណីទី១​ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវចំនួន១ដើម កាប់ និងយកដុំថ្ម គប់បណ្តាលឲ្យរងរបួស និងខូចខាតម៉ូតូចំនួនមួយគ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្សារទំនើបខាយសៀន (កោះពេជ្រ) ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។


ករណីទី២​ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវកែច្នៃ កាំបិតប៉័ងតោ កាប់ និងមួកសុវត្ថិភាព គប់បណ្តាលឲ្យចំខ្នងរងរបួស) ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ៤១០K ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។


ជនសង្ស័យទី១​ ឈ្មោះ ហៀង លីឆេង ហៅកឺ, ឈ្មោះ ម៉ក់ បញ្ញាពិសិដ្ឋ ហៅហ្ស៊ី, ឈ្មោះ សំ សុវណ្ណាវិទូ ហៅវីត,​ឈ្មោះ មាន រតនៈ ហៅណាក់, ឈ្មោះ ហួរ ឆេងលាង និងឈ្មោះ លាន់ ហុងនីដារ៉ារិទ្ធ។ វត្ថុតាងចាប់យក ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២​គ្រឿង​ ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខកណ្តាល1AD-4075។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕