ក្រសួងអប់រំ រៀបចំពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៥
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម័យប្រឡង៖ ២៦ មេសា ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការ មេប្រយោគ លោកគ្រូ អ្នកគ្រូ និងបេក្ខជនប្រឡងជ្រើសរើសសិស្សពូកែមកពី២៥ រាជធានី-ខេត្ត នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។
នៅក្នុងឱកាសបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនេះ លោកបណ្ឌិត ហួ ឈុនគ្រី អគ្គាធិការនៃក្រសួងអប់រំ បានឱ្យដឹងថា បេក្ខជនដែលបានចូលរួមប្រឡងជ្រើសរើសសិស្សពូកែឆ្នាំ២០២៥នេះ មានចំនួនសរុប២៤០នាក់ ស្រី១២៦នាក់ មកពី១៦២គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន (ថ្នាក់ទី៩ និងថ្នាក់ទី១២)។
លោកអគ្គាធិការនៃក្រសួងអប់រំ បានឱ្យដឹងទៀតថា ដំណើរការប្រឡងសិស្សពូកែឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ក្នុងនោះផ្ដោតទៅលើកិច្ចការមួយចំនួនដូចជា ដំណើរការសំណេរ កំណែ ស្រង់ បូកពិន្ទុ និងកម្មវិធីបើក-បិទ។ ចមណែកដំណើរការវិញ្ញាសាសរសេរប្រព្រឹត្តទៅចំនួន២ពេល គឺនៅព្រឹកថ្ងៃទី២៧ និងទី២៨ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានផ្ដាំផ្ញើដល់គ្រប់សមាសភាពគណៈមេប្រយោគគ្រប់រូបត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីការងារប្រឡងប្រព្រឹត្តទៅប្រកបដោយលទ្ធផលវិជ្ជមាន។
ចំពោះសិស្សានុសិស្សវិញ លោកបណ្ឌិតបានណែនាំឱ្យពួកគេគោរពបទប្បញ្ញត្តិនៃការប្រឡង និងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមជ័យលាភីកិត្តិយសជូនក្រុមគ្រួសារ សាលារៀន រាជធានី និងខេត្តរៀងៗខ្លួន។
សូមបញ្ជាក់ជូនថា ក្រសួងអប់រំ តែងរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រអាចបញ្ចេញអស់សមត្ថភាពបង្ហាញសក្ដានុពលរៀងខ្លួន។
គួរបញ្ជាក់ជូនដែរថា ពិធីបិទ និងការប្រកាសលទ្ធផលប្រឡងសិស្សពូកែនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥៕
អត្ថបទ៖ សុភៈនារី រូបភាព៖ ផេកក្រសួងអប់រំ