ធនាគារឯកទេស វីង និងធនាគារ ABA ប្រកាសដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ និងដាក់ប្រាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០នេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងធនាគារ ABA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា បានចាប់ដៃគូជាមួយគ្នាជាផ្លូវការដើម្បីផ្តល់ជូននូវការផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួលនិងមានសុវត្ថិភាពមួយនៅក្នុងប្រទេសកម្ពុជា។

ពិធីប្រកាសដាក់ឲ្យដំណើរការនេះ ទទួលបានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ម៉ៅ ចំណាន លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង និងលោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA ព្រមទាំងបុគ្គលិក ភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។

ភាពជាដៃគូនេះ អតិថិជនរបស់ធនាគារឯកទេស វីង និងអតិថិជនធនាគារ ABA នឹងអាចផ្ទេរប្រាក់ ពីគណនី វីង ទៅគណនី ABA ទៅវិញទៅមកបាន។ ការផ្ទេរប្រាក់ទៅវិញទៅមកនេះ អាចធ្វើទៅបានដោយគ្រាន់តែប្រើម្រាមដៃរបស់អ្នកចុចពីរឬបីដងនៅលើកម្មវិធី ABA Mobile និងកម្មវិធីស្មាតហ្វូន វីង តែប៉ុណ្ណោះ។

លើសពីនេះទៅទៀត អនុញ្ញាតឲ្យអតិថិជនធនាគារ ABA អាចបង់សងប្រាក់កម្ចីរបស់ពួកគាត់នៅតាមភ្នាក់ងារវីង ដែលនៅជិតបំផុតដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់សាខាធនាគារ ABA ណាមួយក៏បាន។ ដំណើរការនៃការបង់សងប្រាក់កម្ចីនេះ កាន់តែចំណាយពេលវេលាតិច និងមានភាពងាយស្រួល ដោយអតិថិជនអាចដាក់ប្រាក់ចូលគណនី ABA របស់ខ្លួនដោយផ្ទាល់តាមរយៈភ្នាក់ងារវីង ដែលមានជាង ៧.៣០០ កន្លែងនៅទូទាំងប្រទេស ឬអាចផ្ទេរប្រាក់ពីគណនី វីង ទៅគណនី ABA នៅក្នុងកម្មវិធីស្មាតហ្វូនវីង នៅផ្នែកទូទាត់វិក្ក័យបត្រ ឬប្រើ USSD កូដ *989# ក៏បាន។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង ខេមបូឌា លីមីតធីត បានមានប្រសាសន៍ថា “វីងតាំងចិត្តធ្វើឲ្យប្រាកដថា ប្រជាជនកម្ពុជា នឹងទទួលបានភាពងាយស្រួល និងមានសុវត្ថិភាព នៅពេលដែលប្រើសេវាកម្មហិរញ្ញវត្ថុចល័តមួយនេះ។ យើងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលភាពជាដៃគូនេះ អាចឲ្យយើងបម្រើតម្រូវការផ្ទេរប្រាក់ និងដាក់ប្រាក់ដ៏សម្បូរបែបជូនដល់អតិថិជនរបស់យើងនៅទូទាំងប្រទេសកម្ពុជា និងជួយសន្សំសំចៃពេលវេលាក្នុងការធ្វើដំណើរទៅកាន់សាខារបស់ធានាគារ។ លើសពីនេះទៀត នេះជាឧទាហរណ៍ថ្មីមួយទៀត ដែលបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់របស់យើងក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុនិងសេវាកម្មធានាគារផ្លូវការមួយដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដ៏ធំរបស់យើង និងបានជំរុញឌីជីថល យេនឌ័រ ព្រមទាំងការដាក់បញ្ចូលហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។”

លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA មានប្រសាសន៍ថា “យើងមានភាពរីករាយសូមប្រកាសជាផ្លូវការនូវភាពជាដៃគូរបស់យើងជាមួយធនាគារ Wing លើសេវាផ្ទេរប្រាក់ និងទូទាត់សងកម្ចី។ អតិថិជនរបស់យើងឥឡូវនេះអាចដាក់ប្រាក់ចូលគណនី ABA របស់ពួកគេបានកាន់តែងាយស្រួល ព្រមទាំងអាចផ្ទេរប្រាក់ទៅវិញទៅមករវាងកម្មវិធី Wing និងកម្មវិធី ABA Mobile ជាមួយតម្លៃសមរម្យ ហើយអាចប្រើប្រាស់សម្រាប់ការទិញ ទំនិញ ឬផ្ទេរប្រាក់ជូនបងប្អូនសាច់ញាតិរបស់ពួកគេបានថែមទៀតផង”។ “សេវាហិរញ្ញវត្ថុ របស់ធនាគារ ABA មានសក្តានុពលនាំមកនូវវឌ្ឍនភាពដ៏ធំទូលាយ ហើយខ្ញុំជឿជាក់ថា កិច្ចសហការឌីជីថលដ៏ទំនើបរបស់យើងជាមួយធនាគារ Wing ដែលយើងប្រកាសនាថ្ងៃនេះ នឹងជួយជំរុញកម្ពុជាយើងឆ្ពោះទៅរកសង្គមទំនើប ទូទាត់បែបឌីជីថល។”

ធនាគារឯកទេសវីង និង ធនាគារ ABA ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារឯកទេសវីង តែងតែខិតខំប្រឹងប្រែងក្នុងការពាំនាំផលិតផល ប្រកបដោយភាពច្នៃប្រឌិតក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុក្នុងប្រទេស ដោយរួមបញ្ចូលទាំងអ្នកមានគណនីធនាគាររនិងមិនស្ថិតក្នុងបណ្តាញធនាគារ។

ស្របពេលនេះដែរ ធនាគារ ABAត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិនិងអន្តរជាតិ ជាធនាគារដែលឈានមុខគេនៅកម្ពុជា តាមរយៈការផ្លាស់ប្តូរផ្នែកឌីជីថល ដោយផ្តោតសំខាន់លើបច្ចេកវិទ្យា និងធនាគារចល័តប្រកបដោយភាពងាយស្រួល។

នៅក្រោយពិធីចុះហត្ថលេខាលើកិច្ចសហការជាដៃគូរវាងធនាគារឯកទេសវីង និងធនាគារ ABA តំនាងធនាគារទាំងពីរគឺលោក ឈុន វឌ្ឍនភក្តី នាយកគ្រប់គ្រងអាជីវកម្មខ្នាតធំនៃធនគារឯកទេសវីង និង លោក ម៉ី ប៉ូលីន នាយកអភិវឌ្ឍន៍ពាណិជ្ជកម្មនៃធនាគារ ABA បានអះអាងពីផលប្រយោជន៍នៃកិច្ចសហការនេះថា ភាពជាដៃគូនេះនិងជួយធ្វើឲ្យវិស័យហិរញ្ញវត្ថុឌីជីថលដ៏ទំនើបនៅកម្ពុជាកាន់តែងាយស្រួល និងការទូទាត់ ក៏ដូចជាសេវាផ្ទេរ និងដាក់ប្រាក់ទៅវិញទៅមក រវាងធនាគារទាំងពីរកាន់តែប្រសើរឡើង សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាអតិថិជន៕
អត្ថបទ៖ អៀវ ឈៀងនី​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation