ព័ត៌មានជាតិ

អ្នកផ្ទុកមេរោគអេដស៍ជនពិការនិងចាស់ជរា២០២០គ្រួសារទទួលអំណោយកាកបាទក្រហម រាជធានីភ្នំពេញ

image

  ប្រជាពលរដ្ឋក្រីក្ររួមមានអ្នកផ្ទុកមេរោគអេដស៍ ជនពិការ ជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង២០២០គ្រួសារ មកពីខណ្ឌកំបូលនិងខណ្ឌពោធិសែនជ័យ បានទទួលអំណោយពីកាកបាទក្រហមរាជធានីភ្នំពេញ។

  ក្នុងពិធីចែកអំណោយកាកបាទក្រហម នៅព្រឹកថ្ងៃទី២៨ ខែមករានេះ នៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានមានប្រសាសន៍ថា “នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកមកចែកជូន បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត ដែលរស់នៅក្នុងខណ្ឌកំបូល និង២សង្កាត់ នៃខណ្ឌពោធិសែនជ័យ”។ ឯកឧត្តមបន្តថា សម្តេចប្រធានកាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ និងនៅជាមួយប្រជាពលរដ្ឋក្រីក្រជនរងគ្រោះ ទុរគតជនជានិច្ច។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បន្ថែមអោយដឹងទៀតថា សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានចែករំលែកការលំបាករបស់ប្រជាពលរដ្ឋ និងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ  និងជនងាយរងគ្រោះ មានដូចជា ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយ ទុរគតជន ស្ត្រីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍/ ជំងឺអេដស៍ ជាពិសេសអន្តរាគមន៍ទាន់ពេលវេលាចំពោះមហន្តរាយ  ផ្សេងៗ ដែលបានកើតឡើងក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដូចជាគ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

  លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានអោយដឹងថា “ ប្រជាពលរដ្ឋ២០២០គ្រួសារ ដែលមកទទួលអំណោយកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនៅថ្ងៃនេះ គឺមានប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៣០៧គ្រួសារ ទុរគតជន៤០០គ្រួសារ អ្នកផ្ទុកមេរោគអេដស៍១២គ្រួសារ ចាស់ជរា២៥០គ្រួសារ និងជនពិការ៥២គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា២ម៉ឺនរៀល។

  យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកមនុស្សជាង៣៦លាននាក់បានស្លាប់ដោយសារជម្ងឺអេដស៏ទូទាំងពិភពលោក។ ក្មុងនោះមានកុមារ១លាននាក់។ រីឯនៅក្នុងប្រទេសកម្ពុជា  អ្នកផ្ទុកមេរោគអេដស៏មានប្រមាណ៧ម៉ឺន៦ពាន់នាក់  ប៉ុន្តែក្នុងនោះមានតែជិត៦ម៉ឺននាក់ប៉ុណ្ណោះដែលមកទទួលយកសេវាព្យាបាលពីក្រុមគ្រូពេទ្យ  ចំណែក  ជាង១ម៉ឺននាក់ទៀត  មិនបានមកទទួលការព្យាបាលទេ  ដែលអ្នកលាក់មុខទាំងនោះ  ត្រូវមន្ត្រីជំនាញបានបារម្ភចំពោះការកំពុងចម្លងមេរោគអេដស៏ដោយស្ងៀមស្ងាត់៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

ព័ត៌មានទាក់ទង...