តុលាការ សម្រេចឱ្យលក់ដោយបង្ខំ នូវទ្រព្យសម្បត្តិទាំង ៧៩កន្លែង របស់លោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី

កំពង់ស្ពឺ៖ តុលាការខេត្តកំពង់ស្ពឺ ចេញដីការឱ្យលក់ដោយបង្ខំនូវទ្រព្យសម្បត្តិទាំង ៧៩កន្លែង របស់លោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី បន្ទាប់ពីតុលាការសម្រេចចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់»។ នេះបើតាមដីកាសម្រេច នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដែលទើបផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។
យោងតាម និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឱ្យដឹងថា ពលរដ្ឋរាប់ពាន់គ្រួសារ បានរងគ្រោះពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត ឯ.ក ក្នុងនោះមានទាំងម្ចាស់ដី ដែលបានលក់ដីឱ្យក្រុមហ៊ុន អតិថិជនរបស់ក្រុមហ៊ុន ដែលបានបង់ប្រាក់ផ្តាច់ និងបង់រំលស់ ផងដែរ៕








