លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ ៨ ចំណុច ដល់ក្រសួងអធិការកិច្ច

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច។
ថ្លែងក្នុងពិធីបិទសន្និបាតនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុតបានគូសបញ្ជាក់ឡើងវិញនូវ អនុសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច តេជោហ៊ុន សែ ន ដែលបានលើកឡើងថា «ការដឹកនាំត្រូវមានការត្រួតពិនិត្យ បើគ្មានការត្រួតពិនិត្យ គឺ គ្មានការដឹកនាំទេ» និង «អធិការកិច្ច ជាភ្នែក ជាត្រចៀក របស់ ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម » មានន័យថា អធិការកិច្ចជាកិច្ចការសំខាន់មិនអាចខ្វះបាន ក្នុងការត្រួតពិនិត្យ លើការអនុវត្តមុខងារភារកិច្ចរបស់ក្រសួង ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ «រៀបចំផ្ទះខ្លួនយើងឱ្យស្អាត មុននឹងចេញទៅមើលផ្ទះគេ» ដែលបង្កប់នូវអត្ថន័យពីកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ស្ថាប័ន និង មន្ត្រីត្រួតពិនិត្យ ត្រូវមានភាពស្អាតស្អំ និងមានសមត្ថភាពគ្រប់គ្រាន់ ជាពិ សេសមន្រ្តីអធិការកិច្ច ត្រូវមានសមត្ថភាព ជំនាញច្បាស់លាស់ ភាពវៃឆ្លាត អត្តចរិតថ្លៃថ្នូរក្រមសីលធម៌ ស្អាតស្អំ និងបទពិសោធ ព្រមទាំងត្រូវ មាន សមត្ថភាពវិភាគនិងពិចារណា គ្រប់ ជ្រុងជ្រោយ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ វិស័យអធិការកិច្ចដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងដំណើរការនៃការកែទម្រង់ សំដៅ ពង្រឹងនិងលើកកម្ពស់សមត្ថភាព និងអភិបាលកិច្ចស្ថាប័នសាធារណៈ សម្រាប់គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រក បដោយបរិយាបន្ន និងចីរភាព។ វិស័យអធិការកិច្ច ក៏ជាកាតាលីករ ចូលរួម ពង្រឹង សុចរិតភាព យុត្តិធម៌សង្គ ម និង អភិបាលកិច្ច សំដៅ ចូលរួម ក្នុង ការកសាងនីតិរដ្ឋ ការពារផលប្រយោជន៍សាធារណៈ និងការអភិវឌ្ឍប្រទេស ។ ក្នុងន័យនេះ ទាមទារឱ្យគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ត្រូវ ចូលរួមសហការ និងគាំទ្រឱ្យបានពេញលេញ ដើម្បីចូលរួមអនុវត្តមុខងារនិងភារកិច្ចដ៏សំខាន់នេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការបានលើកឡើងថា មុខងារអធិការកិច្ច ជាមុខងារមួយដែលត្រូវតែច្បាស់លាស់, ដោះស្រាយបញ្ហាបាន, មិនបង្កើនបន្ទុក ឬបង្កើនបញ្ហា ទៅលើការងារក្រសួង ស្ថាប័នដែលរងអធិការកិច្ច ជាពិសេស មិនជាន់សមត្ថកិច្ចគ្នាលើមុខងារត្រួតពិនិត្យ (Oversight Function) ហើយដែលសំខាន់បំផុត គឺការកំណត់វិសាលភាពអនុវត្ត (Scope) និងត្រូវឆ្លុះបញ្ចាំងពីយន្តការ Check and Balance។ ទន្ទឹមនេះ នៅកម្ពុជា យើងមានអាជ្ញាធរ
សវនកម្មជាតិ ដែលចុះធ្វើសវនកម្មផ្ទៃក្រៅរួចរាយការណ៍ជូនសភា, ដែលមានមុខងារត្រួតពិនិត្យលើអនុលោមភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយបញ្ញត្តិអំពីគណនីហិរញ្ញវត្ថុសាធារណៈ ហើយនិងការធ្វើសវនកម្មសមិទ្ធកម្ម, អធិការកិច្ចហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អង្គភាព ប្រឆាំង អំពើពុករលួយដែលអនុវត្តការងារស្រាវជ្រាវ ស៊ើបអង្កេត ស្របតាមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងមាន ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង (Internal Audit) និងអធិការកិច្ចបច្ចេកទេស(Technical Inspection) ដែលផ្ដោតលើការកែលម្អប្រតិបត្តិការតាមរយៈអនុលោមភាព និងការបង្កើតនប្សិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័ន ហើយក៏ជាដៃ របស់ប្រធានស្ថាប័នដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃទៅលើសមិទ្ធកម្ម ការងាររបស់ផ្នែកនីមួយៗនៃក្រសួង ស្ថាប័ន។
ដើម្បីគាំទ្រដល់ការអនុវត្តមុខងារនិងភារកិច្ចរបស់ក្រសួងអធិការកិច្ច និងជំរុញលើកកម្ពស់វិស័យអធិការកិច្ចឱ្យកាន់ តែ មានប្រសិទ្ធភាព លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ អនុសាសន៍ ដល់ក្រសួង អធិការកិច្ច ចំនួន៨ចំណុច រួមមាន៖ ១. បន្ត អនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ២. ត្រូវដឹកនាំសម្របសម្រួលរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យអធិការកិច្ច ឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា ដោយឈរលើគោលការណ៍ពង្រឹងប្រសិទ្ធភាព ប្រព័ន្ធការងារ ការទទួលខុសត្រូវ អភិបាលកិច្ចស្ថាប័ន ប្រយោជន៍សាធារណៈ និងប្រយោជន៍ប្រជាជន ៣. ត្រូវរៀបចំវិធាននិងនីតិវិធីប្រតិបត្តិ(SOP)ឱ្យបានច្បាស់លាស់ ក្នុងការអនុវត្ត ភារកិច្ចធ្វើអធិការកិច្ច និងការចូលរួមតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ៤.បន្តលើកកម្ពស់និងពង្រឹងសមត្ថភាពស្ថាប័ន ដោយផ្តោតលើការកសាងមូលធនមនុស្ស, ពង្រឹងការអនុវត្តតួនាទីអធិការកិច្ច, ពង្រឹងការចូលរួមតាមដាន ការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល និងពង្រឹង យន្តការទទួល និងដោះស្រាយបណ្ដឹង ៥. ជំរុញនិងពង្រឹងប្រសិទ្ធភាពក្នុងការបណ្ដុះបណ្ដាលជំនាញ ក្នុងវិស័យអធិការកិច្ច ៦. ជំរុញការងារឌីជីថល និងពង្រឹងការអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ៧. សិក្សានិងរៀបចំនូវយន្តការត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តមុខងារអធិការកិច្ចរបស់ក្រសួង ស្ថាប័ន និងយន្តការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃលើរបាយការណ៍លទ្ធផលអធិការកិច្ចរបស់ក្រសួង ស្ថាប័ន ដើម្បីធានាបាននូវសុខដុមនីយកម្ម និង៨. សូមស្នើគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិផ្លាស់ប្តូរ ផ្នត់គំនិតអវិជ្ជមានលើការងារអធិការកិច្ច ទៅជាអធិការកិច្ចទៅ ជួយតម្រង់ទិសដើម្បីកែលម្អ បង្កើនប្រសិទ្ធភាពការងារ ឱ្យកាន់តែល្អប្រសើរ ដោយឈរ លើ ទស្សនៈ «អធិការកិច្ចដើម្បី ទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់ អភិបាលកិច្ចល្អ» ដើម្បីឱ្យបានឃើញ បានឮអំពីចំណុចខ្វះចន្លោះនានា សម្រាប់យកមកពិចារណា សម្លឹងឱ្យឆ្ងាយ និងវិនិច្ឆ័យបាន ត្រឹមត្រូវ។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថា្នក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ចនាពេលកន្លងមកជាពិសេសក្រោមការ ដឹកនាំរបស់អតីតរដ្ឋមន្រ្តីទទួលបន្ទុកវិស័យអធិការកិច្ច ដូចជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោកស្រី សោម គីម សួគ៌, ឯលោកហួត ហាក់ និងបច្ចុប្បន្នក្រោមការបន្តដឹកនាំដោយលោក សុខ សូកេន ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាពផ្ទៃក្នុង ដែលសម្រេចបាននូវលទ្ធផលល្អប្រសើរ និងសមិទ្ធផលជាច្រើនក្នុងវិស័យអធិការកិច្ច។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំ ក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងអធិការកិច្ច ដែលមានស្នាដៃនិងបានខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់បម្រើដល់ផលប្រយោជន៍ជាតិនិងមាតុភូមិ៕
















