លោកត្រាំ៖ សហរដ្ឋអាម៉េរិកនឹងរក្សាមូលដ្ឋានពន្ធ ១០% បើប្រទេសផ្សេងផ្ដល់លក្ខខណ្ឌពាណិជ្ជកម្មល្អប្រសើរជាមួយខ្លួន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ (Donald Trump) កាលពីថ្ងៃសុក្រ បានលើកឡើងថា សហរដ្ឋអាម៉េរិក នឹងរក្សាកម្រិតពន្ធមូលដ្ឋានសម្រាប់ការនាំចូល ឱ្យនៅត្រឹម ១០% ដដែល ឬសូម្បីតែធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរួចហើយក៏ដោយ។ លោកបានបន្ថែមទៀតថា ប្រទេសមួយចំនួនប្រហែលជាមិនចាំបាច់ត្រូវបង់ពន្ធ ១០% ពេញលេញនោះទេ ប្រសិនបើប្រទេសទាំងនោះ ផ្ដល់លក្ខខណ្ឌពាណិជ្ជកម្មល្អប្រសើរសម្រាប់សហរដ្ឋអាម៉េរិក ។
លោកត្រាំ (Trump) និយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី អាចនឹងធ្វើឡើងនៅក្នុងសប្តាហ៍ខាងមុខនេះ ប៉ុន្តែ "យើងនៅតែរក្សាមូលដ្ឋាននៅត្រឹម ១០% ដដែល" ។
នៅស្របពេលដែលសហរដ្ឋអាមេរិកត្រៀមខ្លួនពិភាក្សាពាណិជ្ជកម្មជាមួយប្រទេសចិន លោកត្រាំ (Trump) បានរៀបរាប់ថា លោកបានប្រាប់រដ្ឋមន្ត្រីក្រសួងរតនាគារជាតិសហរដ្ឋអាម៉េរិក លោក ស្កុត បេសស៊ែន (Scott Bessent) នូវចំនួនពន្ធដែលលោកអាចចុះដល់កម្រិតទាបមួយនៅពេលចរចាពន្ធគយ ។
កាលពីថ្ងៃសុក្រ លោកត្រាំ (Trump) និយាយថា ពន្ធ ៨០% លើទំនិញរបស់ចិន "ហាក់ដូចជាសមរម្យហើយ"។ នេះគឺជាលើកទី១ហើយ ដែលលោកត្រាំស្នើចំនួនពន្ធមានអត្រាទាបជាងចំនួនពន្ធ ១៤៥% ដែលលោកបានដាក់រួចហើយ លើទំនិញនាំចូលពីប្រទេសចិន ។
គួររម្លឹកថា លោកបេសស៊ែន (Bessent) និងអ្នកចរចាពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាម៉េរិក លោក ជេមីសិន គ្រៀរ (Jamieson Greer) នឹងជួបជាមួយមន្ត្រីសេដ្ឋកិច្ចកំពូលចិន លោក ហឺ លីហ្វឹង (He Lifeng) នៅឯប្រទេសស្វីស នៅថ្ងៃសៅរ៍នេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect





