សង្គម

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ម្លប់សុខសន្តិភាព បានធ្វើឱ្យខេត្តដែលរ៉ាំរ៉ៃដោយសង្គ្រាមមានការជួបជុំ និងការអភិវឌ្ឍលើគ្រប់វិស័យ

image


កំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានលើកឡើងថា សុខសន្តិភាពបានធ្វើឱ្យខេត្តមួយដែលរ៉ាំរ៉ៃដោយសង្គ្រាមអូសបន្លាយមានការជួបជុំ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានកើតឡើងនៅគ្រប់ទីជនបទ។


លោកឧបនាយករដ្ឋមន្ត្រីលើកឡើងបែបនេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងសមិទ្ធិផលនានាក្នុងវត្តវរបព្វតារាម ហៅវត្តភ្នំព្រះតំលៃជាង ៣០ម៉ឺនដុល្លារអាម៉េរិក ស្ថិតក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។


លោក ហ៊ុន ម៉ានី បានរំឭកឡើងវិញថា ខេត្តកំពង់ស្ពឺជាខេត្តមួយដែលរងការប្រទាញប្រទង់គ្នាដោយចុងអាវុធ សង្គ្រាមបានអូសបន្លាយជាយូរឆ្នាំ ធ្វើឱ្យខេត្តគ្មានការអភិវឌ្ឍ ប្រជាពលរដ្ឋគ្មានឱកាសក្នុងការរកស៊ីទទួលទាន។ តែក្រោមនយោបាយឈ្នះ-ឈ្នះរបស់ស្ថាបនិកសន្តិភាពគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានធ្វើឱ្យខេត្តកំពង់ស្ពឺមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នខេត្តនេះបានក្លាយជាកូនក្រមុំ ដ៏មានប្រជាប្រិយភាព និងជាទីទាក់ទាញនៃអ្នកវិនិយោគបរទេស។


លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នខេត្តកំពង់ស្ពឺបាន និងកំពុងប្រែមុខមាត់ ការអភិវឌ្ឍមានគ្រប់ទីកន្លែង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានកើតឡើង ទីប្រជុំជនត្រូវបានរុញគៀកទៅទីជនបទ គ្រឹះស្ថានសិក្សាគ្រប់កម្រិត មណ្ឌលសុខភាពត្រូវបានរុញដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។

ពលរដ្ឋទាំងអស់ត្រូវបានធានាជីវភាពរស់នៅតាមរយៈការកើតយ៉ាងគំហុកនូវវិស័យរោងចក្រ សហគ្រាសដែលគិតមកដល់សព្វថ្ងៃមានប្រមាណជិត៤០០រោងចក្រ សហគ្រាសនៅទូទាំងខេត្ត។

ទន្ទឹមនោះ វិស័យទេសចរណ៍ក៏បាន និងកំពុងជំរុញកំណើនសេដ្ឋកិច្ចដល់ប្រជាសហគមន៍នៅតាមគោលដៅទេសចរណ៍ផងដែរ គ្រាដែលរាជរដ្ឋាភិបាល អាជ្ញាធរខេត្តនិងមន្ទីរជំនាញ ភាគីពាក់ព័ន្ធបាននិងកំពុងរៀបចំរបៀបរៀបរយ សណ្តាប់ធ្នាប់ និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ទាំងអស់នោះឱ្យក្លាយទៅជាទីកន្លែងចាប់អារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។


លើកឡើងនៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនបោះបង់ការសិក្សាឬគ្មានលទ្ធភាពបន្តការសិក្សាឱ្យចូលទៅរៀនបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសដែល រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ឱកាសឱ្យបានចូលរៀនចាប់យកបច្ចេកទេសដោយមិនគិតថ្លៃដើម្បីមានលទ្ធភាពឈោងចាប់យកជំនាញមួយដែលច្បាស់លាស់។

ហើយក្នុងនោះចំពោះសិស្សដែលមានលទ្ធភាពខ្វះខាត រាជរដ្ឋាភិបាលក៏បានឧបត្ថម្ភបន្ថែមដើម្បីសម្រួលដល់ការរៀនសូត្រផងដែរ ហើយជាគោលការណ៍គឺរាជរដ្ឋាភិបាលកម្ពុជាបណ្តុះកម្មករជំនាញឱ្យបាន១លាន ៥សែននាក់ សម្រាប់អាណត្តិទី៧នេះ ដើម្បីបំពេញបន្ថែមទៅតាមតម្រូវការរបស់អ្នកវិនិយោគិន៕


អត្ថបទ៖ ប៊ុត សារុន