អាជ្ញាធរខេត្តបាត់ដំបង និងក្រសួងពាក់ព័ន្ធ កំពុងស្វែងរកដំណោះស្រាយការនាំចេញផ្លែល្ពៅ ខណៈភាគីថៃបានរឹតបន្តឹងការនាំចូល

បាត់ដំបង៖ អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ បានឱ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបង និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម បាននិងកំពុងតែស្វែងរកដំណោះស្រាយ ការនាំចេញផ្លែល្ពៅ ខណៈភាគីថៃបានរឹតបន្តឹងការនាំចូលផលិតផលផ្លែល្ពៅ តែលទ្ធផលជាក់ស្តែងមិនទាន់បាននៅឡើយទេ។
លោក សឿម ប៊ុនរិទ្ធ តាមរយៈសារអេឡិចត្រូវនិចតេឡេក្រាម នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងផលិតផលផ្លែល្ពៅ ដែលមានឈ្មួញចែកឱ្យមិនគិតលុយនោះ តាមពិតផ្លែល្ពៅនោះពីដើមកន្លងមកធ្លាប់ចេញទៅខាងច្រកទ្វារនៃខេត្តឧត្តរមានជ័យ ហើយនៅច្រកទ្វារក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ការចេញផលិតផលផ្លែល្ពៅភាគច្រើនធ្លាប់ចេញតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុំ អូរអន្លក់ ក្នុងភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយសារតែខាងភាគីថៃ គេរឹតបន្តឹងការនាំចូល ដោយសារផលិតផលមួយចំនួន ថៃទាមទារឱ្យបញ្ជាក់ប្រភពដើមទំនិញនៃផលិតផល និងភូតគាមអនាម័យ គឺ គេរឹតបន្តឹងមិនឱ្យនាំចូល។
លោកបានបន្តថា ឈ្មួញល្ពៅ ក៏បានដឹកផលិតផលល្ពៅ មកកាន់ច្រកទ្វារអន្តរជាតិដូង ដែលច្រកអន្តរជាតិដូងនេះ មិនដែលចេញផ្លែល្ពៅតាមនេះទេ ដូចនេះហើយទើបមានការចែកល្ពៅទទេ តាមរយៈការបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម Facbook។
លោកបានបញ្ជាក់ថា នេះជាបញ្ហាមួយដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីសាធារណៈជន ហើយយ៉ាងណាក៏រដ្ឋបាលខេត្ត ជាមួយក្រសួងពាក់ព័ន្ធទាំង២ មានការខិតខំប្រឹងប្រែង ធ្វើការជាមួយខាងភាគីថៃហើយ ប៉ុន្តែមិនទាន់បានលទ្ធផលនៅឡើយទេ។
លោកសឿម ប៊ុនរិទ្ធ បានឱ្យដឹងទៀតថា ប្រហែលជាថៃរឹតបន្តឹងការនាំចូលនេះហើយ ទើបធ្វើឱ្យមានការលំបាកដល់យើង ហើយណាមួយយើងអត់ដែលមានកិច្ចព្រមព្រៀងទ្វេរភាគីជាមួយថៃទេ ពាក់ព័ន្ធនឹងការនាំផ្លែល្ពៅចូលទៅថៃ ។ កន្លងមកការនាំចូលដោយសារឈ្មួញនឹងឈ្មួញទេ គឺចេះតែនាំចូលទៅ ប៉ុន្តែមិនមានលក្ខណៈស្របច្បាប់នោះទេ។ ដូច្នេះអ្វីៗដែលកើតបញ្ហានោះ គឺពាក់ព័ន្ធនឹងការរឹតបន្តឹងរបស់ថៃ តែមិនមែនយើងមិនយកចិត្តទុកដាក់នោះទេ រដ្ឋបាលខេត្តបាត់ដំបង ជាពិសេស លោក សុខ លូ អភិបាលខេត្ត ជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម កំពុងតែខិតខំដោះស្រាយបញ្ហានេះហើយ៕
អត្ថបទ ៖ ឡាច សុគន្ធាវី


